អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ប្រកាសពីការបញ្ចប់សង្គ្រាមជាបន្ទាន់ និងជាអចិន្ត្រៃយ៍ជាមួយគ្នា
អ៊ីរ៉ង់៖ ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការ។ ពិធីចុះហត្ថលេខាផ្លូវការនេះ នឹងរៀបចំឡើងនៅក្នុងប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយសង្គ្រាមនៅគ្រប់រណសិរ្ស និងសមរភូមិទាំងអស់ ត្រូវប្រកាសផ្អាកជាបន្ទាន់ និងជាអចិន្ត្រៃយ៍ចាប់ពីយប់ថ្ងៃទី១៤ ខែមិថុនា តទៅ ។
នៅក្នុងសេចក្តីរាយការណ៍នោះ ភាគីអ៊ីរ៉ង់បានបង្ហាញឥរិយាបថរឹងមាំ ដោយបានប្រកាសថា សហរដ្ឋអាមេរិក គឺត្រូវបាន «បង្ខំចិត្ត» ឱ្យទទួលយកលក្ខខណ្ឌបញ្ចប់សង្គ្រាមនេះ ដែលនេះជាការបង្ហាញពីជ័យជម្នះរបស់ភាគីអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរណសិរ្សតស៊ូ ខណៈដែលក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរ នឹងត្រូវបន្តធ្វើការចរចាលម្អិតបន្ថែមទៀតក្នុងរយៈពេល ៦០ថ្ងៃខាងមុខ ។
ទន្ទឹមនឹងការប្រកាសរបស់ទូរទស្សន៍រដ្ឋ ក៏មានការបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សឺបាស ហ្សារីហ្វ (Shehbaz Sharif) គឺជាអ្នកចេញមុខប្រកាសពីការសម្រេចបាននូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តទាំងអស់នៅលើគ្រប់សមរភូមិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Majid Saeedi/Getty Images)/ (Jim Lo Scalzo/EPA/Bloomberg via Getty Images)