សង្គម

អ្នកជំនាញចាត់ទុកគោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ នឹងជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

image


កំពត៖ អភិបាលរងខេត្តកំពត លោក មឿង គង្គា បានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ចំពោះការផ្តល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យបាន ១.៥លាននាក់ នៅត្រឹមឆ្នាំ២០២៨ ថាពិតជាបានជួយបង្កើនធនធានបញ្ញា ផ្តល់ឱកាសការងារដល់យុវជន កាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ខេត្ត ពិសេសឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍប្រទេសឆ្នាំ២០៥០ កម្ពុជាជាប្រទេសអភិវឌ្ឍន៍ ឬប្រទេសមានចំណូលខ្ពស់។

លោក មឿង គង្គា បានលេីកឡេីងដូចនេះក្នុងទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ចំនាញ ការងារ និងប្រាក់ចំណូល” ធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

លោកបានលេីកឡេីងថា សម្រាប់កម្មវិធីសិក្សារបស់ TVET ពិតជាបានផ្តល់នូវចំណេះដឹងជាច្រើន រួមនឹងបទពិសោធន៍ តាមរយៈការសិក្សាទ្រឹស្តី ក៏ដូចជាការអនុវត្តផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថាន ដែលជាកត្តាធ្វើឱ្យពួកគាត់រៀនឆាប់ចេះ។ ការណ៍នេះ និសិត្ស និងអតីតសិស្សទាំងអស់ បានសម្តែងសេចក្តីសប្បាយរីករាយ ហើយថាប្រសិនបើគ្មានវគ្គបណ្តុះបណ្តាលនេះទេ ពួកគេមិនអាចអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពបានដូចសព្វថ្ងៃឡើយ។

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានឱ្យដឹងដែរថា វិទ្យាស្ថានមានពីរទីតាំងផ្តល់ការបណ្តុះបណ្តាលើ៥កម្រិតសិក្សា រួមមាន ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C1, C2 ,C3 ថ្នាក់ស្ពានចម្លងជំនាញ និងថ្នាក់វិញ្ញាប័នបត្ររយៈពេលខ្លី។ វិទ្យាស្ថានបានបង្រៀនសិស្ស និស្សិត បានចំនួន ១៧ជំនាន់មកហើយ ដោយឡែកកម្មវិធី ១.៥លាននាក់ ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៤ ហើយបណ្តុះបណ្តាលសិស្សបានចំនួន ៥៤៥នាក់ (ស្រី៧០) នៅឆ្នាំ២០២៥ បណ្តុះបណ្តាលបានសិស្សចំនួន ២៧៥នាក់ (ស្រី៥២) និងឆ្នាំ២០២៦នេះ វិទ្យាស្ថាននៅតែបន្តទទួលចុះឈ្មោះសិស្សឱ្យចូលរៀនបន្ថែមទៀត។

លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ការចុះឈ្មោះចូលរៀនវគ្គសិក្សា TVET ១.៥លាននាក់ មិនមានការបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្តម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ រហូតចប់កម្មវិធីសិក្សារយៈពេល៤ខែ៕

អត្ថបទ៖ វង្ស សុធារម្យ