កម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការសាកល្បងដល់ភ្ញៀវទេសចរចិន រយៈពេល៤ខែ ចប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា
ភ្នំពេញ៖ កម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្រាប់ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។ ការណ៍នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនថែមទៀតមកទស្សនាកម្ពុជា ហើយភាគីពាក់ព័ន្ធបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះ។
យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ១.២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិន សម្រាប់វិស័យទេសចរណ៍កម្ពុជា៕