សង្គម

កម្ពុជាមានសហគមន៍តំបន់ការពារធម្មជាតិ ៣៨ ផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនា ជាង ៣០ម៉ឺនដុល្លារ​ រយៈពេល៥ខែ ឆ្នាំ២០២៦

image


ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាមានសហគមន៍ចំនួន ៣៨ បាន និងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញទេសចរណ៍ជាតិសម្រាប់ឆ្នាំ២០២៦(រយៈពេល៥ខែ) មានចំនួន ៣៤២ ០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦ ០៦៥នាក់ ដោយបានផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាមានចំនួន ជាង ៣០ម៉ឺនដុល្លារ​ (ដោយមិនទាន់គិតពីសេវាផ្សេងទៀត ដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) ក្នុងមួយសហគមន៍ និបង្កើតការងារផ្ទាល់បានប្រមាណ ៤ ៤០០នាក់។ នះបើយោងតាមការឱ្យដឹងពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានគាំទ្រ និងសម្របសម្រួលបង្កើត​សហគមន៍​​តំបន់ការពារធម្មជាតិ បានចំនួន ១៩៤សហគមន៍ រហូតមកដល់ឆ្នាំ២០២៦ ដែលមានសមាជិកសរុបចំនួន ៧៣ ២៣៧គ្រួសារ ចូលរួម​គ្រប់គ្រង​​ព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២ ១៧៤ហិកតា។ ក្នុងចំណោមសហគមន៍ទាំងអស់ មានសហគមន៍ចំនួន៥៣ បាននិងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ២២៤១៤គ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ឃុំ៥៤ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។
 
ក្រសួងបរិស្ថានទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ក្រសួងបរិស្ថានបានដឹកនាំ សហការជាមួយក្រសួងស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្បទាទេសចរណ៍ជាមូលដ្ឋាននៅក្នុង ទីតាំងរមណីយដ្ឋានសហគមន៍ រួមាន ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត និងអនាម័យ កញ្ចុះលម្ហែរ ផ្លូវធ្វើដំណើរក្នុងព្រៃ (Trails) ស្លាកសញ្ញាសម្គាល់ទិស  កន្លែងបោះតង់ ផ្ទះស្នាក់ របាំ និងវប្បធម៌សហគមន៍ ដោយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ និងភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំងការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។
 
សូមបញ្ជាក់ថា ក្រសួងបរិស្ថានលើកទឹកចិត្ត និងសិទ្ធិចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក្នុងតំបន់ការពារធម្មជាតិ និងកាត់បន្ថយនូវសម្ពា​ធ​នៃការប្រើប្រាស់ធនធានធម្មជាតិ និងផ្តល់នូវការបង្កើនជម្រើសសម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋាន ដែលក្នុងនោះក៏មានការអភិវឌ្ឍគោលដៅលម្ហែបៃតង ផងដែរ៕