អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី៖ កម្ពុជា ត្រូវពង្រឹងការចិញ្ចឹមសត្វ ដាំដំណាំ និងការផលិតជីកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលពីបរទេស
ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែចាត់ទុកវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដំណាំ ជាអាទិភាពជាតិដ៏សំខាន់។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានផ្ដាំផ្ញើឱ្យលោកខិតខំជំរុញការចិញ្ចឹមសត្វ ការដាំដំណាំ និងការផលិតជីកសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការនាំចូលជាបន្តបន្ទាប់ និងឈានទៅបញ្ឈប់ការនាំចូលពីបរទេសនាពេលអនាគត។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលមហាគ្រួសារចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា ដែលមានការចូលរួមពីកសិករ អ្នកចិញ្ចឹមសត្វ អ្នកដាំដុះ សហគ្រាសកសិ-ឧស្សាហកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។
អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា វិស័យកសិកម្ម និងការចិញ្ចឹមសត្វ មិនត្រឹមតែមានតួនាទីផលិតស្បៀងអាហារ និងធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចជនបទ។ វិស័យនេះបានបង្កើតការងាររាប់លានកន្លែង បង្កើនចំណូល កាត់បន្ថយភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពសង្គម។
អ្នកឧកញ៉ាបានបន្តថា ការវិនិយោគលើវិស័យកសិកម្ម គឺជាការវិនិយោគលើអនាគតប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ វាបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលរាប់សិបម៉ឺនកន្លែង ចាប់ពីការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃ ការដឹកជញ្ជូន រហូតដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានបញ្ជាក់ថា នៅពេលកសិករមានភាពរឹងមាំ សេដ្ឋកិច្ចជនបទក៏រឹងមាំដូចគ្នា ហើយសង្គមជាតិក៏មានស្ថិរភាព និងសន្តិសុខស្បៀងកាន់តែប្រសើរ។
អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រូបលោកបាន និងកំពុងសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលមានសមត្ថភាពផលិត ១០០តោនក្នុងមួយថ្ងៃ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅមុនដំណាច់ឆ្នាំ២០២៦។ គម្រោងនេះមានគោលបំណងជួយផ្គត់ផ្គង់ជីកសិកម្មក្នុងស្រុក និងរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។
ជាមួយគ្នានេះ អ្នកឧកញ៉ា បានជំរុញឱ្យមានការផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី ទៅកាន់កសិកម្មទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា នៅលើទីផ្សារក្នុងតំបន់ និងពិភពលោក។
អ្នកឧកញ៉ា ក៏បានបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកសិកម្មឆ្លាតវៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម រួមទាំងប្រព័ន្ធធារាសាស្ត្រ និងឃ្លាំងស្តុកទុកទំនើប ការបន្ថែមតម្លៃផលិតផលកសិកម្មតាមរយៈខ្សែច្រវាក់តម្លៃ ការពង្រឹងសុខភាពសត្វ និងសុវត្ថិភាពចំណីអាហារ ការលើកទឹកចិត្តយុវជន និងស្ត្រីឱ្យចូលរួមក្នុងវិស័យកសិកម្មទំនើប ព្រមទាំងការជំរុញការនាំចេញផលិតផលកសិកម្ម និងសាច់សត្វទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា៖ «ទស្សនៈវិស័យរបស់យើងគឺ “កសិកម្មទំនើប កសិកររុងរឿង សេដ្ឋកិច្ចជាតិរឹងមាំ”។ យើងត្រូវផ្លាស់ប្តូរពីការផលិតវត្ថុធាតុដើម ទៅជាការផលិតផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដោយភ្ជាប់វិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យា និងទីផ្សារ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព»។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា «កសិកម្មរឹងមាំ គឺសេដ្ឋកិច្ចជាតិរឹងមាំ។ ប្រជាជនមានការងារ និងចំណូល គឺសង្គមមានស្ថិរភាព និងសន្តិសុខ។ កសិករមានអនាគត គឺប្រទេសជាតិមានអនាគតដ៏ត្រចះត្រចង់»៕