ព័ត៌មានជាតិ

អភិបាលខេត្តកំពត ប្រាប់អាជីវករឱ្យយកមនសិការជាតិក្នុងការនាំទំនិញចូល

image

កំពត៖ ក្នុងដំណើរដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ចុះពិនិត្យទីតាំងនាំចូលទំនិញ និងឃ្លាំងស្តុកទំនិញ គ្រឿងបង្កកផ្សេងៗក្នុងមូលដ្ឋានក្រុងកំពត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយមានជម្លោះព្រំដែនជាមួយប្រទេសថៃ ប្រជាជនកម្ពុជាបានធ្វើពហិការឈប់ប្រើប្រាស់ទំនិញដែលជាផលិតផលរបស់ប្រទេសថៃ ដើម្បីបង្ហាញពីជាតិនិយម ក៏ដូចការឈឺចាប់ចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ហើយក៏ជាការតបស្នងចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋ និងលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ព។ 

លោកអភិបាលខេត្ត បានបន្តថា ក្រោយពេលរកឃើញថា មានអាជីវករ និងជនទុច្ចរិតមួយចំនួននៅតែបន្តលួចនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកផ្សេងៗដោយខុសច្បាប់ នាពេលថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងគ្រប់រាជធានី-ខេត្ត ត្រូវចុះពិនិត្យ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលាកុំឱ្យមានការនាំចូលជាដាច់ខាត ហើយប្រសិនបើករណីរកឃើញអ្នកលួចនាំចូល ត្រូវនាំយកមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ទមន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានចាត់ទុកទំនិញថៃ ជាទំនិញខុសច្បាប់ ជាទំនិញបំផ្លាញេជាតិ និងជាទំនិញប្រមាថជាតិ។

ក្នុងដំណើរចុះពិនិត្យនេះ លោក ម៉ៅ ធនិន បានក្រើនរំលឹក និងប្រាប់ដល់អាជីវករក្នុងខេត្តទាំងអស់ ត្រូវមានមនិសិការជាតិ ដើម្បីគិតគូរឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តនាំទំនិញផ្សេងៗមកពីក្រៅប្រទេស ដោយផ្តោតលើគុណភាព និងសុខភាពពលរដ្ឋជាធំ។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យឱ្យបានច្បាស់ពីប្រភពនាំចូល មធ្យោបាយនាំចូល តាមផ្លូវទឹក ឬផ្លូវគោក តាមច្រកណា ពិសេសគុណភាពទំនិញ តើមានផលប៉ះពាល់ដល់សុខភាពឬទេ។ ក្នុងករណីរកឃើញថា មានជនណាម្នាក់ ឬអាជីវករណាលួចនាំចូលទំនិញពីប្រទេសថៃពិតប្រាកដ គឺត្រូវកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ដោយមិនមានការលើកលែងជាដាច់ខាត។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, អាជ្ញាធរក្រុងកំពត, សាខាគយ និងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខា ក.ប.ប. ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទ៖ វង្ស សុធារម្យ