សង្គម

រយៈពេល៣ថ្ងៃ អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យទីតាំងស្ស័យស្តុកនាំទំនិញពីថៃ ១០៧ទីតាំង ក្នុងនោះសម្រេចបិទបណ្តោះអាសន្ន ១២ទីតាំង

image


ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែមិថុនា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ សហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលសង្ស័យបាននាំចូលស្តុកទុកចរាចរ និងចែកចាយផលិតផលបង្កក និងទំនិញ នាំចូលពីប្រទេសថៃខុសច្បាប់បានសរុបចំនួន ១០៧ទីតាំងក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំងចំនួន ១២ទីតាំង។ នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស បានបញ្ជក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

ក្នុងប្រតិបតិការទាំង១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំង ២ មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ក្នុងនោះទី ១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ ឯ.ក ដោយ ក្រុមការងារ ចម្រុះបានរកឃេីញទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ពោលគឺ ក្រោយការបិទ ព្រំដែនគោក។ ទំនិញទាំងនោះ មានចំនួន ៦១មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ និងម៉្សៅទឹកដោះគោ។ ទី២. ទីតាំងឃ្លាំង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្រុមចម្រុះបានពិនិត្យរកឃើញផលិតផលប្រភេទសាច់បង្កករួមមាន ដៃមឹក និងជេីងទាដែលបាននាំចូលពីប្រទេសថៃ។

ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនា សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២ ខាងលើ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោ ២នាក់ និងឃ្លាំងក្នុងខណ្ឌមានជ័យ ១នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕