សភាពាណិជ្ជកម្មកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលចាត់ទុកទំនិញថៃនាំចូលកម្ពុជា តាមផ្លូវគោក «ជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ» អំឡុងពេលព្រំដែននៅតែបន្តបិទ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានអនុសាសន៍ថា «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»។
អនុសាសន៍ដ៏មានតម្លៃនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំ របស់សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងការពង្រឹងនីតិរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់រាល់ទំនិញនាំចូលខុសច្បាប់ ដែលអាចប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ និងមុខមាត់របស់ប្រទេសកម្ពុជាទាំងមូល។
សភាពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវដល់ សមាជិក សមាជិកា សភាភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករ ក្រុមហ៊ុននាំចូល នាំចេញ វិស័យឯកជនទាំងអស់ សូមគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេច តេជោប្រមុខរដ្ឋស្តីទី ក្នុងការពង្រឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងចៀសវាងការចូលរួម ដល់សកម្មភាព នាំចូលទំនិញខុសច្បាប់ គ្រប់បែបយ៉ាង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។
នេះគឺជាការចូលរួមចំណែកដ៏ សំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ បង្ហាញពីសាមគ្គីភាពជាធ្លុងមួយ និងលើកកម្ពស់មុខមាត់ជាតិ។
សភាពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញលេញចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធ្វើ ការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ កិត្តិយសប្រទេសកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា សូមបញ្ជាក់ថា នឹងបន្តអនុវត្តតួនាទីជាដៃគូសំខាន់ជាមួយនឹងក្រសួង-ស្ថាប័នពាក់ ព័ន្ធក្នុងការជំរុញការវិនិយោគ ការពង្រឹងវិស័យឯកជន ដើម្បីបង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយតម្លាភាព និង គោរពច្បាប់ព្រមទាំងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេសកម្ពុជា៕