សង្គម

កម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា» ដើម្បីជំរុញការកែច្នៃកសិផល និងពង្រីកទីផ្សារនាំចេញ

image


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា» (ស.ព.ក- CTE) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយរំពឹងថា ស្ថាប័នថ្មីនេះនឹងក្លាយជាដៃគូយុទ្ធសាស្ត្រសំខាន់ក្នុងការពង្រឹងសន្តិសុខស្បៀង ជំរុញការវិនិយោគក្នុងវិស័យកែច្នៃកសិផល និងភ្ជាប់អ្នកផលិតកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ សហគ្រាសពាណិជ្ជកម្មកម្ពុជា លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការបង្កើត CTE មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះពីអតីតក្រុមហ៊ុន ហ្គ្រីន ត្រេដ (Green Trade) ប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើទំនើបកម្ម និងរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញ ដើម្បីឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលដែលកាន់តែមានការប្រកួតប្រជែង។

លោកបានគូសបញ្ជាក់ថា អតីតក្រុមហ៊ុន ហ្គ្រីន ត្រេដ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង ស្ថិរភាពទីផ្សារកសិកម្ម និងការលើកកម្ពស់ពាណិជ្ជកម្មអង្ករកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមក។ ស្ថាប័ននេះក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ស្បៀងបម្រុងជូនប្រជាពលរដ្ឋ និងកងកម្លាំង ក្នុងពេលមានគ្រោះអាសន្ន និងវិបត្តិនានា។

លោក កឹម ស៊ីថន បានបន្តថា ការចូលរួមលើកកម្ពស់ពាណិជ្ជកម្មបៃតង និងការអន្តរាគមន៍តាមការចាំបាច់ជាក់ស្តែង ក្នុងស្ថានភាពដែលប្រទេសជាតិជួបប្រទះនូវមហន្តរាយ គ្រោះអាសន្ន និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសថ្មីៗនេះ ក្នុងពេលដែលមានសង្គ្រាមព្រំដែនដោយភាគីថៃ បង្កឱ្យប្រជាជនរាប់សែននាក់បានភៀសខ្លួន ផ្លាស់ប្តូរទីលំនៅ ដែលជាស្ថានភាពដ៏លំបាកបំផុតសម្រាប់ប្រទេសជាតិ ដែលក្រុមហ៊ុន ហ្គ្រីន ត្រេដ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ និងជូនស្បៀងបម្រុងទៅកាន់កងទ័ព និងប្រជាជន។
 
លោកបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ព្រមទាំងថវិកាផ្ទាល់ខ្លួន ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈខ្ពស់។ ក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្មសកលកាន់តែមានភាពស្មុគស្មាញ និងពិបាកក្នុងការទស្សន៍ទាយ និងការប្រែប្រួលខ្លាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងឈានទៅសម្រេចបាននូវចក្ខុវិស័យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវការស្ថាប័នដែលមានសមត្ថភាព សក្តានុពល និងភាពបត់បែនខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។
 
ក្នុងបរិបទនេះ លោក កឹម ស៊ីថន គូសបញ្ជាក់ថា CTE ត្រូវបានបង្កើតឡើងដើម្បីឱ្យក្លាយទៅជាសហគ្រាសសាធារណៈដ៏ទំនើបមួយ ដែលអាចចូលរួមចំណែកក្នុងការពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតឱកាសពាណិជ្ជកម្មថ្មីៗ សម្រាប់ប្រទេសជាតិទាំងមូល។ នេះក៏មិនមែនជាការធ្វើទំនើបកម្ម និងកែទម្រង់ស្ថាប័នលើកទីមួយដែរ ជាក់ស្តែងគឺជារួបរួមគ្នារវាងក្រុមហ៊ុនរដ្ឋចំនួន៥ រួមមាន៖ ក្រុមហ៊ុនស្បៀងកម្ពុជា, ក្រុមហ៊ុនសម្ភារៈបរិក្ខា, ក្រុមហ៊ុនប្រមូលទិញកសិផលកសិកម្ម, ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមហ៊ុនកុងស៊ី។
 
លោក កឹម ស៊ីថន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។ ការបង្កើត CTE នេះ មិនមែនក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយវិស័យឯកជនទេ ហើយក៏គ្មានគោលបំណងជំនួសតួនាទីរបស់វិស័យឯកជនក្នុងទីផ្សារសេរីដែរ ប៉ុន្តែផ្ទុយទៅវិញ CTE នឹងដើរតួនាទីជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយគំនិតច្នៃប្រឌិតមួយ ដែលនឹងជួយបើកផ្លូវទៅរកការអភិវឌ្ឍ ភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារថ្មីៗ និងជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់តួអង្គកាន់តែច្រើននៃវិស័យឯកជនរបស់កម្ពុជា។

បន្ថែមពីនេះ ការធ្វើទំនើបកម្មនៃរចនាសម្ព័ន្ធពីក្រុមហ៊ុន ហ្គ្រីន ត្រេដ ទៅជាសហគ្រាសពាណិជ្ជកម្មកម្ពុជា គឺស្របតាមទិសដៅនិងអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ការការពង្រឹងកំណើនសេដ្ឋកិច្ច ភាពធន់ និងភាពប្រកួតប្រជែងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសក្នុងរយៈពេលវែង។ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណនេះ បានផ្តោតសារៈសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ឱ្យក្លាយទៅជាវិស័យទំនើប មានផលិតភាពខ្ពស់ និងមានទំនាក់ទំនងកាន់តែរឹងមាំជាមួយឧស្សាហកម្ម និងទីផ្សារ។ ម្យ៉ាងទៀត ការជម្រុញឧស្សាហកម្មកែច្នៃកសិផល មិនត្រឹមតែជួយបង្កើតតម្លៃបន្ថែមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ និងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។
 
ជាមួយគ្នានេះ លោក កឹម ស៊ីថន បន្ថែមថា ថ្វីត្បិតតែអង្ករនៅតែជាផលិតផលយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក៏ដោយ CTE នឹងមានទស្សនវិស័យទូលំទូលាយជាងមុន ដោយនឹងស្វែងរកឱកាសក្នុងវិស័យផលិតផលផ្សេងៗទៀត ដែលមានសក្តានុពលស្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតតម្លៃជូនប្រទេស។ កម្ពុជាមានសក្តានុពល និងភាពអំណោយផលខ្ពស់ក្នុងវិស័យកសិកម្ម ហើយវិស័យស្បៀងអាហារនេះ ជាអាទិភាពសំខាន់សម្រាប់មនុស្សជាតិ ដែលនៅលើពិភពលោកមិនមានប្រទេសណាមួយដែលគ្មានតម្រូវការស្បៀងអាហារនោះទេ។ ហេតុនេះ វាពិតជាមានសារៈសំខាន់ចាំបាច់ជាបន្ទាន់ ដែលកម្ពុជាត្រូវបន្តជម្រុញអភិវឌ្ឍនិងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា នៃខ្សែច្រវាក់តម្លៃសម្រាប់កសិផលសំខាន់ៗរបស់យើង ដូចជា៖ អង្ករ, គ្រាប់ស្វាយចន្ទី, ស្វាយ, ម្រេច, ដំឡូងមី, កៅស៊ូ, មៀនប៉ៃលិន និងផលិតផលកសិកម្មផ្សេងៗទៀតជាដើម ដើម្បីបង្កើតការកែច្នៃក្នុងស្រុក និងពង្រីកទីផ្សារនាំចេញទៅតំបន់ និងអន្តរជាតិបន្ថែមទៀត៕
 
អត្ថបទ៖ ចេង ឆហួត