សង្គម

រដ្ឋមន្ត្រីសាធារណការ ណែនាំដល់ប្រធានមន្ទីរខេត្តកំពង់ស្ពឺឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយបុរេសកម្ម

image


កំពង់ស្ពឺ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺដែលទើបប្រកាសតែងតាំងថ្មីឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៦និងឆ្នាំបន្តបន្ទាប់។

លោក ប៉េង ពោធិ៍នា បានណែនាំដូចនេះនេះក្នុងពិធីប្រកាសលោក ហុង ចាន់សុខា ចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជំនួសប្រធានចាស់ចូលនិវត្តន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ។

លោក ប៉េង ពោធិ៍នា បានប្រាប់ទៅមន្ត្រីថា ឱ្យ ប្រកាន់ខ្ជាប់ នូវ ទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព» ដើម្បី លើកកម្ពស់ ប្រសិទ្ធភាព ការងារ និង ផ្តល់ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ឱ្យ កាន់តែ ល្អប្រសើរ។
ក្រៅពីនេះត្រូវមានវិធានការក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវរឹតបន្តឹង និងចៀសវាងឱ្យបានដាច់ខាតការដឹកជញ្ជូនលើសទម្ងន់លើសកម្រិតកំណត់ និងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និងស័ក្តិសិទ្ធភាព ដោយត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយនិងចលនាមហាជនឱ្យគោរពច្បាប់ចរាចរណ៍ និងអនុវត្តក្នុងការរឹតបន្តឹងនូវការពាក់មួកសុវត្ថិភាពក្នុងពេលបើកបរយានយន្តលើដងផ្លូវ ជាដើម៕

អត្ថបទ៖ ប៊ុត សារុន