សង្គម

កម្ពុជារំពឹងថា នឹងសម្រេចបានគោលដៅគ្មានអ្នកឆ្លងមេរោគអេដ៏សនៅឆ្នាំ២០៣០ ខណៈកម្ពុជាសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

image


ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដ៏ បានរំពឹងថា កម្ពុជានឹងសម្រេចតាមបង្គោលចរឆ្ពោះទៅគោលដៅសូន្យបី តាមកាលកំណត់នៅឆ្នាំ២០៣០ គឺ «គ្មានការឆ្លងថ្មី គ្មានការរើសអើង និងគ្មានការស្លាប់ដោយសារជំងឺអេដស៍» ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ឆ្នាំ២០២៦-២០៣០ ។ ការរំពឹងដូចនេះ បានលេីកឡេីងក្នុងសន្និសីទសារព័ត៌មានស្តីពី ជោគជ័យនៃការឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា គោលដៅ ៩៥-៩៥-៩៥ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលគោលដៅនេះកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានបញ្ជាក់ថា ការរពឹងទុករបសកម្ពុជានេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យរួចទៅហេីយគឺ គោលដៅ ៩៥-៩៥-៩៥ ហេីយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញរួចហេីយដែរ នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ការឆ្លងរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៦-២០៣០ ។

៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាព មេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត។ ការណ៍នេះកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ តែប៉ុណ្ណោះ នៅទូទាំងពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ឆ្នាំ។


ម្យ៉ាងវិញទៀត យោងតាមសេចក្តីប្រកាសព៌ត័មាន ដែលត្រូវបានរៀបចំរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។ ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ នេះជារយៈពេលបីទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយ មេរោគអេដស៍ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍។

លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល មានប្រសាសន៍ថា សមិទ្ធផលដែលកម្ពុជាសម្រេចគោលដៅ ៩៥-៩៥-៩៥ បង្ហាញថា អ្វីៗក៏អាចកើតមានឡើងបានដែរ នៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល ។ ជោគជ័យរបស់ប្រទេសកម្ពុជា កើតឡើងដោយសារការប្តេជ្ញាចិត្តនយោបាយដ៏មុតមាំ ភាពជាអ្នកដឹកនាំរបស់ជាតិ ភាពជាដៃគូរយៈពេលវែង និងទំនុកចិត្តគ្នាដែលបានកសាងឡើងតាមរយៈការកិច្ចសហការជាមួយសហគមន៍ និងប្រព័ន្ធអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំ។

នាយកអង្គការ UNAIDS បានបន្តទៀតថា ការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេសកម្ពុជា ដែលមានលក្ខណៈពហុវិស័យ និងតាមរយៈប្រព័ន្ធសុខាភិបាល ផ្តោតលើសេវាប្រកបដោយនវានុវត្តន៍ អាចអនុវត្តបានយ៉ាងជាក់ស្តែង មានទំនុកចិត្ត និងអាចប្រើប្រាស់បានសម្រាប់អ្នកដែលត្រូវការ និងទទួលបាននៅពេលដែលពួកគេត្រូវការ។ ទាំងនេះ រួមមាន ការពង្រីកការទទួលបានសេវាធ្វើតេស្ត និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ការផ្តល់ឱសថប្រឆាំងមេរោគអេដស៍សម្រាប់រយៈពេលច្រើនខែ ការធ្វើសមាហរណកម្មរវាងសេវាមេរោគអេដស៍ និងប្រព័ន្ធសុខាភិបាលទូលំទូលាយ និងការបង្កើនជម្រើសវិធីសាស្ត្របង្ការមេរោគអេដស៍ថ្មីៗ ដូចជា ប្រឺព (PrEP) ដែលអាចបង្ការបានរយៈពេលវែង និងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង។

ម្យ៉ាងវិញទៀត កម្ពុជាកំពុងរៀបចំផែនការនិរន្តភាព ក្នុងពេលមូលនិធិពីខាងក្រៅត្រូវបានកាត់បន្ថយ និងកសាងការ ឆ្លើយតបមេរោគអេដស៍ដោយប្រព័ន្ធជាតិមួយដែលមានចីរភាព តាមរយៈការពង្រឹងការផ្តល់ហិរញ្ញវត្ថុក្នុងស្រុក ការឈានឆ្ពោះទៅការធ្វើសមាហរណកម្មពេញលេញទៅក្នុងសេវាថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកល សេវាដែលយកប្រជាជនជាស្នូល និងការចូលរួមរបស់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនប្រឈមមុខខ្ពស់ ក្នុងការធ្វើសេចក្តីសម្រេច និងការផ្តល់សេវា ជាដេីម៕