លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់បណ្ណថ្លែងអំណរគុណជូនសុភមន្ត្រីរៀមច្បង ១០រូប និងជំរុញឱ្យមន្ត្រីគ្រប់វ័យ បើកចិត្តរៀនសូត្របច្ចេកវិទ្យា AI
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់បណ្ណថ្លែងអំណរគុណជូនសុភមន្ត្រីរៀមច្បង ដែលបានចូលបម្រើការងារតាំងពីឆ្នាំ១៩៧៩ ចំនួន ១០រូប ក្នុងនាមជាអ្នករួមចំណែកយ៉ាងសកម្មក្នុងការកសាងក្រសួងឱ្យមានភាពរឹងមាំ និងនិរន្តរភាព។
ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ លោករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការលះបង់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់សុភមន្ត្រីរៀមច្បងទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៏ស្ថាប័នចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ទទួលបានផ្លែផ្កាដូចបច្ចុប្បន្ន។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ «ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯកឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការផ្សារភ្ជាប់គ្នារវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជនជំនាន់ក្រោយ»។
លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តសិក្សារៀនសូត្រ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយក្នុងការបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ។
លោក បានសង្កត់ធ្ងន់ថា អាយុមិនមែនជាឧបសគ្គក្នុងការស្វែងយល់ពីបច្ចេកវិទ្យានោះទេ ដោយឯកឧត្តមបានលើកយកសក្ខីភាពពីលទ្ធផលប្រឡងដ៏ល្អប្រសើររបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានវ័យជ្រៅ មកបញ្ជាក់ថា សមត្ថភាពឌីជីថលពិតប្រាកដគឺត្រូវបានកំណត់ដោយ «ឆន្ទៈ និងការបើកចិត្តរៀនសូត្រ» មិនមែនកំណត់ដោយអាយុនោះឡើយ៕