រដ្ឋមន្ត្រីកិច្ចការនារី និងរដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធ លើការត្រៀមរៀបចំព្រឹត្តិការណ៍អម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការជាតិ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធ លើការត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីព័ត៌មានទូទៅ និងសកម្មភាពគន្លឹះៗ ដែលគ្រោងនឹងរៀបចំក្នុងព្រឹត្តិការណ៍អមទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech) ក៏ដូចពិភាក្សា និងកៀរគរការចូលរួមក្នុងភាពជាដៃគូសហការ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍អមទាំងពីរកាន់តែមានភាពអធិកអធម ដើម្បីលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងស្ថានកុងស៊ុល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនអង្គប្រជុំពីទិដ្ឋភាពទូទៅនៃការរៀបចំព្រឹត្តិការណ៍អមទាំងពីរ ដោយក្នុងនោះព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី្ត ។ដោយឡែក ចំពោះព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» (FrancoTech) នឹងរៀបចំក្រោមប្រធានបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមអំពីបេសកកម្មដ៏សំខាន់ក្នុងការ ដែលការរៀបចំកិច្ចប្រជុំកំពូលនេះ គឺប្រៀបដូចនាំយកកិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា តាមរយៈសកម្មភាពដែលយើងគ្រោងរៀបចំដោយសម្រិតសម្រាំងឱ្យល្អបំផុត។
ថ្នាក់ដឹកនាំអង្គប្រជុំបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យលទ្ធភាពចូលរួមក្នុងភាពជាដៃគូសហការ ក៏ដូចចូលរួមផ្តល់មតិយោបល់ ក្នុងន័យស្ថាបនាមកកាន់ក្រុមការងារអនុគណៈកម្មការទី៥ ដើម្បីធ្វើយ៉ាងណាអាចរួមគ្នា រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឱ្យសម្រេចជោគជ័យតាមការរំពឹងទុក ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី