សង្គម

អាជ្ញាធររាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវឃ្លាំងស្តុកសាច់បង្កកសង្ស័យជាង ៥០កន្លែង រកឃើញ ៤ទីតាំងលួចនាំចូលពីប្រទេសថៃ

image


ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងអស់ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យ ដែលមានការនាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទពីប្រទេសថៃ បានសរុបចំនួន ៥១ទីតាំង។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះ កម្លាំងចម្រុះបានរកឃើញឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង ស្ថិតនៅក្នុងខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដែលមានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ នាំចូលពីប្រទេសថៃ។ ភ្លាមៗនោះ ក្រុមការងារ បានសម្រេចបិទទីតាំងទាំងនោះជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តឃ្លាំមើល និងចុះពិនិត្យរាល់ឃ្លាំង ក៏ដូចជាទីតាំងស្តុកផលិតផលទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្វែងរក និងទប់ស្កាត់ការលួចនាំចូល ស្តុកទុក និងចែកចាយសាច់បង្កកខុសច្បាប់ពីប្រទេសថៃបន្តទៀត៕