ប្រជាកសិករឥណ្ឌូណេស៊ី កែច្នៃតំបន់សមុទ្ររាក់ៗ ទៅជាទីកន្លែងចិញ្ចឹមសារាយសមុទ្រ ដើម្បីបង្កើតប្រភពចំណូល
ឥណ្ឌូណេស៊ី៖ ក្រុមប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរនៃកោះអ៊ុនតូឡូអេ (Ontoloe) ក្នុងខេត្តណូសា តេងហ្គារ៉ាខាងកើត (East Nusa Tenggara) ប្រទេសឥណ្ឌូណេស៊ី បាននាំគ្នាកែច្នៃផ្ទៃទឹកសមុទ្ររាក់ ឱ្យក្លាយទៅជាកសិដ្ឋានដាំដុះ/ចិញ្ចឹមសារាយសមុទ្រ ដែលរបរមួយនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។
វិធីសាស្ត្រនៃការដាំដុះនេះ មានលក្ខណៈសាមញ្ញ ដោយកសិករគ្រាន់តែយកកូនសារាយសមុទ្រទៅចងភ្ជាប់នឹងខ្សែពួរ រួចទម្លាក់ចូលទៅក្នុងទឹកសមុទ្ររាក់ៗដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ដោយដំណាំប្រភេទនេះមិនត្រូវការដី ទឹកសាប ឬជីគីមីអ្វីទាំងអស់ គឺត្រូវការតែការថែទាំតាមបែបធម្មជាតិប៉ុណ្ណោះ ។
ក្រោយការដាំដុះបានរយៈពេលពីរខែ ពួកគាត់អាចប្រមូលផលសារាយសមុទ្រទាំងនោះ យកមកហាលថ្ងៃឱ្យស្ងួត រួចចងជាបាច់ដើម្បីលក់ក្នុងតម្លៃប្រហែល ១០,០០០ រូពៀ (ប្រហែល ០.៥៥ ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលវាបានក្លាយជាប្រភពចំណូលប្រចាំថ្ងៃដ៏មានលំនឹង ជំនួសឱ្យរបរនេសាទត្រីដែលមិនសូវទៀងទាត់។
បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី គឺជាអ្នកផលិតសារាយសមុទ្រតំបន់ត្រូពិកដ៏ធំមួយនៅលើពិភពលោក ដោយកសិករភាគច្រើននិយមដាំប្រភេទសារាយពណ៌ក្រហម ដូចជាពូជអ៊ឺជេម៉ា (Eucheuma), កាប់ប៉ាភីគុស (Kappaphycus), ហ្គ្រាស៊ីឡារីយ៉ា (Gracilaria) ជាដើម ដើម្បីយកទៅចម្រាញ់ធ្វើជាសារធាតុផ្សំខាប់ សម្រាប់កែច្នៃចំណីអាហារ និងធ្វើជាម្សៅចាហួយ ។
ផលិតផលសារាយសមុទ្រក្រៀមទាំងនេះ ត្រូវបានប្រមូលទិញដើម្បីនាំចេញក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ដើម្បីយកទៅកែច្នៃបម្រើឱ្យវិស័យសំខាន់ៗជាច្រើន ដូចជា វិស័យផលិតចំណីអាហារ គ្រឿងសំអាង ផលិតផលឱសថ និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.