កិច្ចសន្យាផ្គត់ផ្គង់ស្រូវ ដែលមានទំហំទឹកប្រាក់ជិត ១០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា)
បាត់ដំបង៖ កិច្ចសន្យាផលិតកម្មកសិកម្មចំនួន ៦ ដែលមានទំហំទឹកប្រាក់ជិត ១០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។ ពិធីចុះហត្ថលេខា បានធ្វើឡើងក្រោមវត្តមានលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមក្រសួងកសិកម្ម បានចាត់ទុក នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់កសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ។
កិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវពូជ និងស្រូវចំណីស្តង់ដាសុវត្ថិភាព (SRP) ទាំង៦នេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី ២កិច្ចសន្យាសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាមានសុពលភាពរយៈពេលពេញមួយឆ្នាំ ឬពីររដូវកាលដាំដុះ។
ក្រសួងកសិកម្ម បានអបអរសាទរចំពោះកសិករជាសមាជិកសហគមន៍ទាំងអស់ និងបានកោតសរសើរដល់ដៃគូវិស័យឯកជន ដែលបានចូលរួមសហការគាំទ្រ និងជួយពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយនិរន្តរភាព៕