សង្គម

សមាជិករដ្ឋសភា ណែនាំឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺដកផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង ដាក់ជំនួសមកវិញនូវផ្ទាំងប៉ាណូអប់រំសុខភាព

image


កំពង់ស្ពឺ៖ ប្រធានគណកម្មាការទី៨ នៃរដ្ឋសភា លោកស្រី ឡោក ខេង បានណែនាំដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ឱ្យពិនិត្យលទ្ធភាពកាត់បន្ថយ ឬដកផ្ទាំងប៉ាណូធំៗដែលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីសាធារណៈ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងសណ្តាប់ធ្នាប់ ហើយដាក់ជំនួសមកវិញនូវផ្ទាំងប៉ាណូដែលមានសារអប់រំពាក់ព័ន្ធនឹងសុខភាព។ ការណែនាំបែបនេះក្នុងពេលចុះជួបជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណកម្មាការ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី ឡោក ខេង បាននិយាយថា ប្រតិភូតែងសង្កេតឃើញតាមបណ្តាខេត្តមួយចំនួននៅមានលើកផ្ទាំងប៉ាណូដែលផ្សព្វផ្សាយផលិតផលស្រាបៀរនៅឡើយ។ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺចំពោះផ្ទាំងប៉ាណូទាំងនោះត្រូវបានរដ្ឋបាលខេត្តសម្រេចឱ្យរុះរើ និងទម្លាក់ចោលអស់ហើយ។ ប៉ុន្តែទន្ទឹមការទម្លាក់នេះ ជនខិលខូចឬជនឱកាសអាចឈ្លកឆ្លៀតដើម្បីលើកផ្លាក ឬបដារដែលពាក់ព័ន្ធផលិតផលស្រា ដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចរដ្ឋបាលខេត្តពិនិត្យមើលឡើងវិញនូវចំណុចខ្វះចន្លោះនេះ ហើយក្នុងករណីមានត្រូវអនុវត្តវិធានការរុះរើទម្លាក់ចោលភ្លាមៗ។

លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ដៅលុបបំបាត់ការផ្សព្វផ្សាយផលិតផលស្រានេះដែរ ជាពិសេសគឺការផ្សព្វផ្សាយលទ្ធផលរង្វាន់នៅដើមខែតុលាខាងមុននេះផងដែរ។ ដូច្នេះដើម្បីឆ្លើយនឹងវិធានការនេះ អាជ្ញាធរគប្បីដាក់ជំនួសមកវិញនូវផ្ទាំងប៉ាណូដែលមានសារអប់រំពាក់ព័ន្ធ និងសុខភាពដូចជា តិចស្ក តិចអំបិល តិចខ្លាញ់ ជាដើម។

ក្នុងន័យនេះលោកស្រី ឡោក ខេង បញ្ជាក់ថា នៅតាមបណ្តារោងចក្រ សហគ្រាសកម្មករ កម្មការិនីបានជ្រើសយកការផឹកភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទជាកម្លាំងសម្រាប់ក្នុងសកម្មភាពការងារ ហើយមានអ្នកខ្លះបានផឹកក្នុងមួយថ្ងៃពីពីរទៅបីកំប៉ុង ដែលអាចប្រឈមនឹងជំងឺទឹកផ្អែមឬអាចឈានដល់ការខូចក្រលៀនទៀតផង។ ប្រសិនការផឹកលើសហើយកើតមានជំងឺនេះ វាបានក្លាយជាបន្ទុករបស់អាជ្ញាធរ មន្ទីរសុខាភិបាល បសស និងបន្ទុករដ្ឋាភិបាលដែលត្រូវរ៉ាប់រង។ ដើម្បីបង្ការពីជំងឺមិនឆ្លងទាំងនេះ មន្ទីរសុខាភិបាលគប្បីលើកស្លាកអប់រំឱ្យបានច្រើននៅតាមទីសាធារណៈ និងទីប្រជុំជន៕

អត្ថបទ៖ ប៊ុត សារុន