លោកត្រាំ៖ ក្នុងថ្ងៃខួបកំណើត ៨០ឆ្នាំ លោកចង់ឃើញពិភពលោកមានសន្តិភាព និងច្រានចោលនូវលទ្ធភាពផ្ទុះជម្លោះរវាងតួកគីយ៉េ និងអ៊ីស្រាអ៊ែល
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងការិយាល័យអូវ៉ល (Oval) ថា បំណងប្រាថ្នាដ៏ធំបំផុតសម្រាប់ថ្ងៃខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោក គឺចង់ឃើញពិភពលោកទាំងមូលមានសន្តិភាព និងលែងមានសង្រ្គាមតទៅទៀត ។
ទន្ទឹមនឹងនេះ លោក ត្រាំ បានច្រានចោលទាំងស្រុងនូវក្ដីព្រួយបារម្ភជុំវិញលទ្ធភាពនៃការផ្ទុះជម្លោះយោធារវាងប្រទេសតួកគីយ៉េ និងអ៊ីស្រាអ៊ែល ដោយលោកអះអាងថា វានឹងមិនអាចកើតឡើងជាដាច់ខាត ដរាបណាលោកនៅតែកាន់តំណែងជាប្រធានាធិបតីអាម៉េរិក ។
មេដឹកនាំអាម៉េរិករូបនេះ បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំ និងការគោរពគ្នាទៅវិញទៅមក រវាងរូបលោក និងប្រធានាធិបតីតួកគីយ៉េ លោក រ៉េសិប ថាយីប អ៊ែរដូហ្គាន់ (Recep Tayyip Erdogan) ដោយលោកជឿជាក់ថា ប្រសិនបើមានបញ្ហាណាមួយកើតឡើង មែននោះ លោកគ្រាន់តែទូរសព្ទទៅជជែក គឺអាចសម្របសម្រួលឱ្យគ្រប់យ៉ាងល្អប្រសើរឡើងវិញភ្លាមៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ ABC News & Vecteezy on Microsoft Bing.