សង្គម

លោករដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសសំខាន់ៗចំនួន៣ ដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤»

image


ភ្នំពេញ៖ លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសសំខាន់ៗចំនួនបី រួមមាន៖ សេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច, សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច, និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រធាន និងតំណាងមន្ទីរអធិការកិច្ចទាំង ២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ (Zoom)។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងសកម្ម ក្នុងការពិនិត្យនិងកែសម្រួលសេចក្តីព្រាងឯកសារទាំងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលជាស្ថាពរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំង ៣ នេះ គឺជាសមិទ្ធផលថ្មីមួយក្នុងការបំពេញបន្ថែម និងគាំទ្រដល់ការងាររបស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ។ សមិទ្ធផលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញយន្តការការងារឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងនៅតាមបណ្តាមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដែលនេះជាការរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕