ពិព័រណ៍ Smart Tech Korea 2026 នៅទីក្រុងសេអ៊ូល តាំងបង្ហាញពីប្រភេទរ៉ូបូតនៃពេលអនាគត
សេអ៊ូល, កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាឆ្លាតវៃ «Smart Tech Korea 2026» បានរៀបចំឡើងយ៉ាងអធិកអធមនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយគេកត់សម្គាល់ថា នេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មខ្នាតធំបំផុតក្នុងប្រវត្តិសាស្ត្រ ១៥ឆ្នាំ ដើម្បីបង្ហាញពីអនាគតនៃនវានុវត្តន៍ឧស្សាហកម្ម ។
ពិព័រណ៍ដ៏ធំនេះ បានទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យារាប់រយឱ្យមកចូលរួម ដោយមានការបែងចែកជាតំបន់ជំនាញសំខាន់ៗជាច្រើន ដូចជាតំបន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), តំបន់ទិន្នន័យខ្នាតធំ (Big Data), តំបន់រោងចក្រឆ្លាតវៃ និងផ្នែកបច្ចេកវិទ្យាមនុស្សយន្ត ឬរ៉ូបូត ។
នៅក្នុងផ្នែកបច្ចេកវិទ្យារ៉ូបូត (Robotech) ភ្ញៀវជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុមរ៉ូបូតបម្រើសេវាកម្ម ដែលអាចធ្វើសកម្មភាពស្វ័យប្រវត្តក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការដើរទិញនិងយកភេសជ្ជៈ និងការដើរបម្រើសេវាកម្មអាហារជាដើម ។
ចំណុចលេចធ្លោមួយទៀត គឺជាការបង្ហាញខ្លួនរបស់រ៉ូបូតដែលមានរូបរាងកាយដូចមនុស្ស ដែលវាមានសមត្ថភាពអាចរាំតាមចង្វាក់ភ្លេង ការធ្វើកាយវិការវាយប្រដាល់ និងធ្វើកាយវិការដៃជារូបបេះដូងយ៉ាងគួរឱ្យស្រឡាញ់ទៅកាន់អ្នកទស្សនា តាមរយៈបច្ចេកវិទ្យា AI បង្កប់នៅក្នុងខ្លួនមនុស្សយន្តនោះ ។
លោក លីម ជុងជូ តំណាងក្រុមហ៊ុនបច្ចេកវិទ្យា លីប៊ើថ្រន (Libertron) បានឱ្យដឹងថា រ៉ូបូតដៃពីរនេះ ត្រូវបានរចនាឡើងដើម្បីធ្វើចលនាដូចដៃមនុស្សបេះបិទ។ អ្វីដែលពិសេស វាក៏មានប្រព័ន្ធកម្មវិធីបញ្ជាបែប «កូដចំហ» ដែលអនុញ្ញាតឱ្យអ្នកជំនាញ អាចយកទៅកែប្រែ ឬអភិវឌ្ឍបន្ថែមបានដោយសេរី ។
ជាមួយគ្នានេះ ក្រុមហ៊ុន Project X ក៏បានបង្ហាញពីសមត្ថភាពពិសេសមួយទៀត ដោយការផ្សារភ្ជាប់បច្ចេកវិទ្យាបង្កើតរូបភាពរបស់ AI ទៅនឹងរ៉ូបូត ដែលធ្វើឱ្យរ៉ូបូតអាចគូររូបភាពនានាតាមពាក្យបញ្ជារបស់មនុស្សបានយ៉ាងស្អាត នៅក្នុងរយៈពេលត្រឹមតែជាង ១នាទីប៉ុណ្ណោះ ។
បច្ចេកវិទ្យារ៉ូបូតជំនាន់ថ្មីនេះ ត្រូវបានអភិវឌ្ឍឱ្យមានទឹកមុខ និងចលនាធម្មជាតិដោយស្វ័យប្រវត្តិតាមរយៈការបញ្ជាពីប្រព័ន្ធគំរូភាសាខ្នាតធំ ព្រមទាំងមានការសម្តែងកម្សាន្តពីសត្វសុនខរ៉ូបូត និងរ៉ូបូតទាត់បាល់ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ទាក់ទាញភ្ញៀវផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.