ព័ត៌មានជាតិ

អ.វ.ត.ក. ធ្វើ «បឋកថា» និងផ្តល់ទស្សនកិច្ចសិក្សាដល់និស្សិតកម្ពុជា សម្រាប់ការយល់ដឹងអំពីអតីតកាល និងការកសាងអនាគតរបស់សង្គម ក្នុងឱកាសអបអរសាទរ សប្ដាហ៍បណ្ណសារអន្តរជាតិ ឆ្នាំ២០២៦

image

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំឱ្យមាន «បឋកថា» និងផ្តល់ទស្សនកិច្ចសិក្សាដល់និស្សិតកម្ពុជា នៅក្នុងបណ្ណសារប្រវត្តិសាស្ត្រ អ.វ.ត.ក ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការយល់ដឹងដល់និស្សិតកម្ពុជា អំពីអតីតកាល និងការកសាងអនាគតរបស់សង្គម នោះគឺ «ទំនាក់ទំនងរវាងបណ្ណសារប្រវត្តិសាស្ត្រ ការចងចាំសាធារណៈ និងការអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ»។ បាឋកថានេះ ដោយ ឧទ្ទេសាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) បានលើកឡើងថា បណ្ណសារប្រវត្តិសាស្ត្រ អ.វ.ត.ក មិនត្រឹមតែជាកន្លែងរក្សាទុកឯកសារ និងភស្តុតាងនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការយល់ដឹងអំពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងការវិវត្តរបស់សង្គមផងដែរ។ ទន្ទឹមនឹងនេះ ការចងចាំសាធារណៈ គឺជាស្ពានដែលភ្ជាប់រវាងបទពិសោធន៍របស់មនុស្ស និងការយល់ដឹងរួមរបស់សង្គម ខណៈដែលការអភិរក្ស គឺជាយន្តការដ៏សំខាន់សម្រាប់ធានាថា ចំណេះដឹង និងមេរៀនពីអតីតកាល នឹងត្រូវបានបន្តទៅកាន់មនុស្សជំនាន់ក្រោយ។ សិក្ខាសាលានេះនឹងផ្តល់ឱកាសដល់និស្សិត ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងពិភាក្សាអំពីតួនាទីរបស់បណ្ណសារ ការចងចាំសាធារណៈ និងការអភិរក្ស ក្នុងការរក្សាមរតកប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។

លោក ក្រាញ់ តូនី បានបញ្ជាក់ថា ក្នុងនាមជាស្ថាប័នដែលត្រូវបានបង្កើតឡើងដើម្បីស្វែងរកយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហមពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ អ.វ.ត.ក. យល់យ៉ាងច្បាស់ពីតម្លៃដ៏មានសារៈសំខាន់របស់បណ្ណសារ។ លោកថា វាមិនត្រឹមតែជាកំណត់ត្រាតុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃការចងចាំប្រវត្តិសាស្ត្រ និងកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ បណ្ណសារ អ.វ.ត.ក. អភិរក្សឯកសារសំណុំរឿងជាង ២,៥លានទំព័រ ជាបីភាសា រួមមាន សាលក្រម សាលដីកា សេចក្តីសម្រេច សារណា របាយការណ៍ស៊ើបអង្កេត ប្រតិចារឹកសវនាការ ពាកបណ្តឹងជនរងគ្រោះ សក្ខីកម្មដើមបណ្តឹងរដ្ឋប្បវេណី/សាក្សី/អ្នកជំនាញ និងឯកសារដែលជាភស្តុតាងជាច្រើនទៀត។

លោក ក្រាញ់ តូនី បានបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ណសារ អ.វ.ត.ក បានបន្តពង្រឹងការគ្រប់គ្រង និងការអភិរក្សបណ្ណសារ របស់ខ្លួន រួមមាន ការសាងសង់និហិតដ្ឋានបណ្ណសារស្តង់ដារ ការធ្វើចំណាត់ថ្នាកឯកសារឡើងវិញ និងការផ្តល់ភាពស្រួល ក្នុងការចូលទៅប្រើប្រាស់បណ្ណសារសាធារៈតាមរយៈថ្នាលឌីជីថល ហើយឆ្នាំកន្លងទៅក៏ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ពាក់ព័ន្ធនឹងការគ្រប់គ្រងកំណត់ត្រា និងបណ្ណសារ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ អ.វ.ត.ក.ចំពោះគុណភាព តម្លាភាព និងការអភិរក្សរយៈពេលវែង ហើយ អ.វ.ត.ក. បានចូលជាសមាជិកក្រុមប្រឹក្សាបណ្ណសារអន្តរជាតិក្នុងឆ្នាំ២០២៣។ តាមរយៈការប្រារព្ធសប្ដាហ៍ បណ្ណសារអន្តរជាតិនាពេលនេះ ធ្វើឱ្យ អ.វ.ត.ក. អាចចូលរួមបានមួយកម្រិតទៀតជាមួយសហគមន៍បណ្ណសារពិភពលោក ក្នុងការលើកកម្ពស់សារៈសំខាន់នៃបណ្ណសារសម្រាប់ឱ្យការអប់រំ សិក្សាស្រាវជ្រាវ ការអភិរក្សការចងចាំ និងការចូល ប្រើប្រាស់ជាសាធារណៈ។ វេទិកានាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់មួយក្នុងការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងបណ្ណសារប្រវត្តិសាស្ត្រ និងការចងចាំសាធារណៈ។

ជាមួយគ្នានេះ ឧទ្ទេសាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានប្រាប់ដល់និស្សិតថា ក្នុងនាមជាពលរដ្ឋខ្មែរត្រូវតែស្គាល់ ដឹងអំពីប្រវត្តិសាស្ត្រខ្លួន ពីមួយជំនាន់ទៅមួយជំនាន់ ឱ្យបានច្បាស់។ ប្រសិនបើយើងមិនដឹងពីប្រវតិសាស្ត្រខ្លួនឯងទេនោះ ប្រទេសជិតខាងនឹងសរសេរប្រវត្តិសាស្ត្រឱ្យយើង ហើយគេបំភ្លៃប្រវត្តិសាស្ត្រ ឬសរសេរមិនពិតពីយើង ដែលនាំឱ្យយើងមិនច្បាស់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនឯង។

ពាក់ព័ន្ធនឹងការ ធ្វើបឋកថានេះ ក្រុមនិស្សិតដែលបានចូលរួមស្តាប់ បានលើកឡើងថា ពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ពួកគេជានិស្សិត ពីព្រោះវាបានផ្តល់តម្លៃដល់ប្រទេសកម្ពុជាទាំងមូល បើទោះបីជាប្រទេសដទៃ និងប្រទេសជិតខាងកម្ពុជាចង់បំភ្លៃប្រវត្តិសាស្ត្រដែលខុសពីការពិតក៏ដោយ ក៏គេមិនអាចប្រកែកបានឡើយ។ ចំពោះបណ្ណសារប្រវត្តិសាស្ត្រ ការចងចាំវិញ ពួកគេបានយល់ឃើញថា ពិតជាមានសារៈសំខាន់សាធារណៈ និងការអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យអាចស្វែងយល់ពីប្រវត្តិសាស្ត្រដើមកំណើតរបស់ខ្មែរឲ្យកាន់តែច្បាស់លាស់ ដែលសិស្សានុសិស្សអាចសិក្សាពីមួយជំនាន់ទៅមួយជំនាន់ទៀត។

សូមបញ្ជាក់ថា ការធ្វើ បឋកថា និងផ្តល់ទស្សនកិច្ចសិក្សាដល់និស្សិត សម្រាប់ការយល់ដឹងអំពីអតីតកាល និងការកសាងអនាគតរបស់សង្គមនៅពេលនេះ ដើម្បីអបអរសាទរ សប្ដាហ៍បណ្ណសារអន្តរជាតិ ឆ្នាំ២០២៦ ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមិនថុនា ក្រោមប្រធានបទ «បណ្ណសារសម្រាប់យុត្តិធម៌ សិទ្ធិ ការចងចាំ និងអនាគត»។ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបណ្ណសារក្នុងការអភិរក្សប្រវត្តិសាស្ត្រ ការពារសិទ្ធិ លើកកម្ពស់តម្លាភាព និងគាំទ្រគណនេយ្យភាពក្នុងសង្គម៕