ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងពង្រឹងការបិទទីតាំងចំនួន ៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងរកឃើញជនបរទេសល្មើសច្បាប់ និងឧបករណ៍ល្បែងស៊ីសងមួយចំនួន
ត្បូងឃ្មុំ៖ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ៩ ខែមិថុនា ក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃគណៈកម្មាធិការបង្ក្រាបការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ (គ.ប.ឆ.ប) បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងពង្រឹងការបិទបណ្តោះអាសន្នលើទីតាំងក្រុមហ៊ុន និងខុនដូរចំនួន ៥កន្លែង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉េង គង់ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដោយមានការចូលរួមសហការពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក កែវ ភក្តី តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យតាមទីតាំងនីមួយៗ រួមមាន
១. ក្រុមហ៊ុន GOLDBI RESORT (ចុះថ្ងៃទី៨ មិថុនា) ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ។ ក្រុមការងារ បានពិនិត្យឃើញអគារចំនួន ៥ មានដូចជា បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងឃ្លាំងសម្ភារ។ ក្នុងនោះ ក្រុមការងារបានរកឃើញឧបករណ៍បច្ចេកទេសទាញសេវាទូរស័ព្ទ (POWER BEAM) ដែលត្រូវបានដកហូតប្រគល់ជូននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ព្រមទាំងបានរកឃើញតុល្បែងចំនួន ៣ និងម៉ាស៊ីនបាញ់ត្រីចំនួន ២គ្រឿង។ ក្រុមការងារ បានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណេតដែលនៅសេសសល់ ២ខ្សែទាំងស្រុង និងបានប្រើប្រាស់ក្រដាស់ប្លុំបេ (SEALED) ថ្មីចំនួន ៧២សន្លឹក ដើម្បីបិទបន្ថែមជំនួសក្រដាសចាស់ដែលខូចខាត ហើយសោទីតាំង ត្រូវបានប្រគល់ជូនស្នងការដ្ឋានខេត្តគ្រប់គ្រង។
២. ក្រុមហ៊ុន សួនឧស្សាហ៍កម្មផ្លូវ ៧២ (ចុះថ្ងៃទី ៩ មិថុនា) ស្ថិតនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ដែលទីតាំងនេះ មានអគារចំនួន ៣៣អគារ ដែលត្រូវបានកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៊ីនធើណេតរួចរាល់ ព្រមទាំងពុំមានជនបរទេសស្នាក់នៅឡើយ ។ ក្រុមការងារ បានធ្វើកំណត់ហេតុបិទបន្ថែមក្រដាសប្លុំបេថ្មីចំនួន ៣៨សន្លឹក ដើម្បីបំពេញបន្ថែមលើក្រដាសចាស់ដែលខូចខាតដោយសារអាកាសធាតុ រួចប្រគល់កូនសោជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចាត់ចែងបន្ត ។
៣. ទីតាំង ហៅស៍ខុនដូរ (ចុះថ្ងៃទី ៩ មិថុនា) ស្ថិតនៅភូមិត្រពាំងផ្លុងទី ១ ឃុំត្រពាំងផ្លុង។ ជាអគារកម្ពស់ ៤ជាន់ ដែលពុំមានជនបរទេសស្នាក់នៅ។ ក្រុមការងារ បានសម្រេចកាត់ផ្តាច់ប្រព័ន្ធទឹកទាំងស្រុង (ខណៈប្រព័ន្ធភ្លើង និងអ៊ីនធើណេតត្រូវបានផ្តាច់រួចរាល់ពីមុន)។ ដោយសារក្រដាសប្លុំបេចាស់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមានសភាពល្អធម្មតា ក្រុមការងារបានសម្រេចរក្សាស្ថានភាពដើម ដោយមិនប្រើប្រាស់ក្រដាសប្លុំបេបន្ថែមឡើយ ។
៤. ក្រុមហ៊ុន អ៊ែកស៍ អហ្វ ស្តេត ឯ ក ឬការដ្ឋាន ២៦០ (ចុះថ្ងៃទី ៩ មិថុនា) ស្ថិតនៅភូមិអំពិល ឃុំកក់ ដែលទីតាំងនេះរួមមានវីឡា ៣ជាន់ ចំនួន ១២០ខ្នង អគារពាណិជ្ជកម្ម ៦ជាន់ ចំនួន ២ អគារ សណ្ឋាគារ ២កន្លែង និងការដ្ឋានកំពុងសាងសង់មួយចំនួន។ ប្រព័ន្ធទឹក ភ្លើង អ៊ីនធើណេត និងខ្សែកាបទូរគមនាគមន៍ ៣ខ្សែ ត្រូវបានកាត់ផ្តាច់ទាំងស្រុង និងពុំមានជនបរទេសស្នាក់នៅឡើយ ។ ក្រុមការងារបានរៀបចំកំណត់ហេតុបិទបន្ថែមក្រដាសប្លុំបេថ្មីចំនួន ៣២ សន្លឹក និងប្រគល់កូនសោជូនស្នងការដ្ឋានខេត្ត។
៥. ក្រុមហ៊ុន ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ ក (ចុះថ្ងៃទី០៩ មិថុនា) ស្ថិតនៅភូមិអំពិល ឃុំកក់ ទីតាំងនេះមានអគារចំនួន ៣៣ អគារ និងវីឡា ១៥ខ្នង ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងជំនាញ បានរកឃើញមានជនបរទេសស្នាក់នៅចំនួន ៣៦នាក់ (ស្រី ៧ នាក់) ដែលមិនមានឈ្មោះចុះក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ (FPCS) ឡើយ ។
សមត្ថកិច្ច បានសម្រេចពិន័យអន្តរកាលតាមច្បាប់ស្តីពីអន្តោប្រវេសន៍ (ល្មើសមាត្រា ១៨) លើម្ចាស់ទីតាំង និងជនបរទេសទាំងនោះ។ ក្នុងនោះដែរ ជនជាតិបរទេសម្នាក់ឈ្មោះ HUANG JIN ភេទប្រុស កើតថ្ងៃទី ២៦ កុម្ភ: ២០០០ កាន់លិខិតឆ្លងដែនលេខ EJ4594934 ត្រូវបានរកឃើញថាហួសសុពលភាពទិដ្ឋាការ (Overstay) ដែលត្រូវធ្វើសំណើបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញ ជាមួយគ្នានោះ ប្រព័ន្ធទឹក ភ្លើង អ៊ីនធើណេត ត្រូវបានកាត់ផ្តាច់ទាំងស្រុង និងបានបិទបន្ថែមក្រដាស់ប្លុំបេថ្មីចំនួន ៨៧ សន្លឹក ។
ជារួមក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ ក្រុមការងារចម្រុះបានប្រើប្រាស់ក្រដាសប្លុំបេថ្មីសរុបចំនួន ២២៩សន្លឹក ដើម្បីធានាសុវត្ថិភាព និងរក្សាការពារស្ថានភាពបិទបណ្តោះអាសន្នលើទីតាំងទាំងនោះ ព្រមទាំងបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសដែលល្មើសច្បាប់ស្នាក់នៅកម្ពុជាផងដែរ ៕
អត្ថបទ៖ សុខ ផន