ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកសង្ស័យនាំចូលពីថៃ ក្នុងនោះ បានសម្រេចបិទឃ្លាំងមួយកន្លែងនៅខណ្ឌព្រែកព្នៅជាបណ្ដោះអាសន្ន

image

ភ្នំពេញ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ និងផលិតផលបង្កកជាច្រើនកន្លែង ដែលសង្ស័យថាមានការនាំចូលពីប្រទេសថៃ ស្របតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមការងារចម្រុះ ដឹកនាំដោយរដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលសង្ស័យថាមានការនាំចូល និងស្តុកទុកផលិតផលបង្កកពីប្រទេសថៃ។

ជាលទ្ធផល ក្រុមការងារបានរកឃើញថា ទីតាំងខាងលើមានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ត្រឹមត្រូវ ព្រមទាំងមានផលិតផលកែច្នៃក្នុងស្រុកជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានរកឃើញផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២កញ្ចប់ ក្នុងនោះមានផលិតផលដែលមានស្លាកសញ្ញា «THAILAND» ចំនួន ១៣៧កញ្ចប់ ផលិតផលមានអក្សរភាសាថៃចំនួន ៧៨កញ្ចប់ និងផលិតផលគ្មានការបញ្ជាក់ប្រភពចំនួន ៤២៧កញ្ចប់។

ក្រោយបញ្ចប់ការត្រួតពិនិត្យ ម្ចាស់ទីតាំងត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវជុំវិញប្រភពនៃការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។ ដោយឡែក ឃ្លាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

ក្នុងថ្ងៃដដែលនោះដែរ រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយតំណាងអយ្យការ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីជំនាញ ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកចំនួន ៣ទីតាំង ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកផលិតផលបង្កកពីប្រទេសថៃ។ ទោះជាយ៉ាងណា ក្រោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក្រុមការងារមិនបានរកឃើញផលិតផលបង្កកនាំចូលពីប្រទេសថៃនៅទីតាំងទាំងបីនោះឡើយ។

ជាមួយគ្នានេះ ម្ចាស់ឃ្លាំងទាំងនោះក៏បានសហការយ៉ាងល្អជាមួយអាជ្ញាធរ និងបានអះអាងថា នឹងមិនទទួលយក ឬស្តុកទុកផលិតផលនាំចូលពីប្រទេសថៃនៅក្នុងទីតាំងរបស់ខ្លួនឡើយ។

ដោយឡែក នៅខណ្ឌសែនសុខវិញ ក្រុមការងារចម្រុះក៏បានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ក្រោយមានការសង្ស័យថា មានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ។ ក្រោយការត្រួតពិនិត្យ និងវិភាគដោយមន្ត្រីជំនាញ ក.ប.ប. និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ បានរកឃើញថា ទំនិញ និងផលិតផលបង្កកនៅក្នុងឃ្លាំងមានប្រភពមកពី ៩ប្រទេស រួមមាន ចិន ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា ហូឡង់ តៃវ៉ាន់ អូស្ត្រាលី អេត្យូពី និងកម្ពុជា ប៉ុន្តែមិនមានផលិតផលណាមួយនាំចូលពីប្រទេសថៃនោះទេ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលខណ្ឌទាំង ១៤ ឱ្យបន្តចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងផលិតផលបង្កកគ្រប់ទីតាំងដែលសង្ស័យថាមានប្រភពនាំចូលពីប្រទេសថៃ ដោយត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់ពីប្រភពនាំចូល ច្រកចូល អាជ្ញាបណ្ណពាក់ព័ន្ធ និងអ្នកដឹកជញ្ជូន។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទាំង ១៤ ត្រូវបន្តអនុវត្តប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានជាប់ជាប្រចាំ និងដោយមិនត្រូវរាថយជាដាច់ខាត៕