ទំនិញខូចគុណភាពជាង ២ តោននាំចូលពីវៀតណាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោលនៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ទំនិញខូចគុណភាពសរុបប្រមាណ ២,២១០គីឡូក្រាមដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ត្រូវបានកម្លាំងមន្ត្រីជំនាញខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងនាល្ងាចថ្ងៃដដែលនោះថា ប្រតិបត្តិការដុតកម្ទេចចោលនូវទំនិញខូចគុណភាពជាង ២ តោននេះ ធ្វើឡើងក្រោមការសហការរវាងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករមេមត់។
លោកអនុប្រធានការិយាល័យ បានបន្តថា ពិធីកម្ទេចចោលនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃិន វិជ្ជតា តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី និងកងកម្លាំងការពារព្រំដែន ប្រចាំច្រកព្រំដែនដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ផងដែរ។
ប្រភេទទំនិញខូចគុណភាព ដែលត្រូវបានដុតកម្ទេចចោល រួមមាន៖ សត្វមាន់ ១,០៤០ គីឡូក្រាម, សាច់ក្រកស្បែកស្រួយ (ប្រហិតលាយម្សៅ) ៩២០ គីឡូក្រាម, ស្លាបមាន់បង្កក ១៥០ គីឡូក្រាម និងគ្រឿងក្នុងមាន់បង្កក (កោះមាន់) ១០០ គីឡូក្រាម
ដោយ៖ សុខ ផន