រដ្ឋមន្រ្តីបរិស្ថាន ស្នើឱ្យសមត្ថកិច្ចចាត់វិធាការច្បាប់លើមេខ្លោងម្នាក់ ដែលបានកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បន្ទាប់ពីមានសេចក្តីរាយការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរពាក់ព័ន្ធ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការ និងរាយការណ៍ពីបទល្មើសធនធានធម្មជាតិ ដែលជាកត្តាសំខាន់ជួយឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ឈានទៅបង្ក្រាប និងចាប់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តបទល្មើស នៅតាមតំបន់ការពារធម្មជាតិនានា។ ជាមួយគ្នានេះ ក៏បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យបានតឹងរឹង មិនលើកលែងចំពោះជនល្មើសក្រមបរិស្ថាននិងធនធានធម្មជាតិ។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខណៈពេលមានសេចក្តីរាយការណ៍ ពីក្រុមការងារនៃអង្គការសង្គមស៊ីវិល ថាមានករណីកាប់ឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ លោកបានថ្លែងសំណូមពរឱ្យសមត្ថកិច្ចចាត់វិធានច្បាប់ ចំពោះឈ្មោះ យ៉េង ដែលមានលំនៅដ្ឋាននៅភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាជនសង្ស័យ ជាមេខ្លោងនៃករណីមានការកាប់ឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ក្រសួងបរិស្ថានចាត់ទុកថា ក្រសួងបរិស្ថានបន្តលើកទឹកចិត្ត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងសាធារណជន ឱ្យបន្តចូលរួមសហការចែករំលែក និងរាយការណ៍ព័ត៌មានពិត ពីបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដែលជាកាតាលីករដ៏សំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងបរិស្ថាន និងជួយឱ្យមន្ត្រីជំនាញនិងសមត្ថកិច្ចអ្នកអនុវត្តច្បាប់ ធ្វើការចុះបង្ក្រាបបានទាន់ពេលវេលាឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីបង្កើនគម្របបៃតងសម្រាប់កូនចៅតជំនាន់៕