ស្រុកស្អាង ខេត្តកណ្តាល បានបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ខណៈបណ្ណជាង ២៧ពាន់ត្រូវបានចែកជូនពលរដ្ឋ
កណ្តាល៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៧,២៤២បណ្ណ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូមិ ស្ថិតក្នុងឃុំចំនួន ៥ នៃស្រុកស្អាង រួមមាន ឃុំខ្ពប ឃុំប្រាសាទ ឃុំត្រើយស្លា ឃុំតាលន់ និងឃុំស្វាយប្រទាល។
ពិធីប្រគល់បណ្ណនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកស្អាង ក្រោមអធិបតីភាពលោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានកោតសរសើរមន្ត្រីជំនាញនៃការិយាល័យភូមិបាលស្រុកស្អាង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំអនុវត្តការវាស់វែង និងចុះបញ្ជីដីធ្លី រហូតអាចសម្រេចការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានដោយជោគជ័យ។
លោកបានណែនាំឱ្យការិយាល័យច្រកចេញចូលតែមួយស្រុក ការិយាល័យប្រជាពលរដ្ឋ និងការិយាល័យភូមិបាលស្រុក បន្តរៀបចំការងារប្រកបដោយទំនួលខុសត្រូវ សណ្ដាប់ធ្នាប់ និងប្រសិទ្ធភាព ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។
លោកអភិបាលខេត្តបានបញ្ជាក់ថា ស្រុកស្អាង បានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនមិនទាន់បានមកទទួលបណ្ណកម្មសិទ្ធិនៅឡើយ។ ដូច្នេះ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តស្វែងរកវិធីសាស្ត្រជំរុញឱ្យម្ចាស់ដីធ្លីមកទទួលបណ្ណកម្មសិទ្ធិរបស់ខ្លួនឱ្យបានឆាប់រហ័ស ស្របតាមច្បាប់។
ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានបណ្ណ សូមអញ្ជើញមកទទួលនៅការិយាល័យសុរិយោដី និងការិយាល័យច្រកចេញចូលតែមួយស្រុកស្អាង ព្រមទាំងស្នើឱ្យអ្នកចូលរួមក្នុងពិធីជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ប្រជាពលរដ្ឋដទៃទៀតផងដែរ។
ក្នុងឱកាសដដែល លោក គួច ចំរើន បានណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ មិនត្រូវចុះហត្ថលេខាបញ្ជាក់លើឯកសារដីធ្លីណាមួយក្រៅពីបណ្ណកម្មសិទ្ធិដែលបានចុះបញ្ជីត្រឹមត្រូវរួចហើយនោះទេ។ អាជ្ញាធរត្រូវទទួលស្គាល់តែបណ្ណកម្មសិទ្ធិជាផ្លូវការតែមួយគត់ ដើម្បីជៀសវាងការបង្កបញ្ហា និងវិវាទដីធ្លីនាពេលអនាគត។ ឯកឧត្តមបានព្រមានថា មន្ត្រីណាដែលនៅតែបន្តចុះហត្ថលេខាលើឯកសារមិនត្រឹមត្រូវ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បំពេញតួនាទីជាអ្នកផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងស្មើភាព ដោយមិនត្រូវដាក់លក្ខខណ្ឌ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងការទទួលបណ្ណកម្មសិទ្ធិឡើយ។ ជាពិសេស មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវពន្លឿនការចុះហត្ថលេខាលើបណ្ណដែលនៅសេសសល់ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋនៅក្រុង-ស្រុកចំនួន ២ ទៀត និងឈានទៅបិទបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្តាល។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាអំពើហិង្សាក្នុងគ្រួសារ លោកអភិបាលខេត្តកណ្តាល បានស្នើឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់សម្របសម្រួល និងអប់រំណែនាំដល់គ្រួសារដែលមានជម្លោះ កុំឱ្យឈានដល់ការប្រើប្រាស់អំពើហិង្សា។ ជាពិសេស ក្នុងករណីបែកបាក់គ្រួសារ ឬលែងលះគ្នា ត្រូវជួយសម្របសម្រួលឱ្យមានការយោគយល់ អធ្យាស្រ័យគ្នា ឬបញ្ចប់ទំនាក់ទំនងដោយសន្តិវិធី ដើម្បីទប់ស្កាត់ហេតុការណ៍អកុសលដែលអាចកើតមាន៕