អគារផ្នែកជំងឺកុមារ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រតនគិរី៖ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលត្រូវបានជួសជុល និងកែលម្អដោយអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត William Housworth និងលោកស្រីវេជ្ជបណ្ឌិត Lori Housworth ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានមានប្រសាសន៍ថា ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលមានសក្ដានុពលខ្ពស់ ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួនក្នុងវិស័យសុខាភិបាល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការវិនិយោគបន្ថែម ដើម្បីពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះបីមានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក៏ដោយ វិស័យសុខាភិបាលសាធារណៈនៅក្នុងខេត្តនៅតែមានការខ្វះខាតទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្ស។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ រដ្ឋបាលខេត្តបានខិតខំកៀរគរ និងស្នើសុំកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានា។
ក្នុងនោះ អង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា បានផ្តល់ថវិកាចំនួន ១៨៧,០០០ ដុល្លារអាមេរិក សម្រាប់ជួសជុល និងកែលម្អអគារផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងខេត្ត។
លោក ញ៉ែម សំអឿន បានចាត់ទុកសមិទ្ធផលថ្មីនេះថា ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការធានាប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនកុមារ និងទារកនៅខេត្តរតនគិរី ក៏ដូចជាបណ្តាខេត្តនៅភូមិភាគឦសាន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានជ្រើសរើសខេត្តរតនគិរីជាខេត្តទី៤ សម្រាប់អនុវត្តគម្រោងនេះ បន្ទាប់ពីខេត្តក្រចេះ មណ្ឌលគិរី និងស្ទឹងត្រែង។ លោកបានវាយតម្លៃថា កិច្ចសហការដ៏ល្អរវាងអង្គការ និងប្រព័ន្ធសុខាភិបាលរបស់រាជរដ្ឋាភិបាល គឺជាគំរូដ៏ប្រសើរនៃភាពជាដៃគូរវាងរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ប៉េស សារី