រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ សង្រ្គាមប្រឆាំងអ៊ីរ៉ង់ គឺជាល្បិចដែលរារាំងកុំឱ្យមានការផ្សះផ្សាគ្នានៅក្នុងតំបន់
រុស្ស៊ី៖ នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយអ្នកសារព័ត៌មាន RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើហ្គី ឡាវរ៉ូវ (Sergey Lavrov) បានលើកឡើងពីតួនាទីដ៏សំខាន់របស់ប្លុកសេដ្ឋកិច្ចប្រ៊ីក (BRICS) ក្នុងការធ្វើជាវេទិកាបើកចំហរសម្រាប់ការចរចា ដើម្បីរក្សាតុល្យភាពអំណាច និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកលើកឡើងជាបន្តថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS កាលពីពាក់កណ្ដាលខែឧសភា ទោះបីជាមានការជជែកដេញដោលគ្នាយ៉ាងក្ដៅគគុក រវាងតំណាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួមក៏ដោយ ក៏ប្រទេសឥណ្ឌាក្នុងនាមជាប្រធាន រួមទាំងសមាជិកដទៃទៀត បានព្យាយាមសម្របសម្រួលយ៉ាងខ្លាំងដើម្បីស្វែងរកច្រកចេញសម្រាប់ភាគីទាំងពីរ ។
លោក ឡាវរ៉ូវ គូសបញ្ជាក់ថា បច្ចុប្បន្នមានសញ្ញាវិជ្ជមានជាច្រើន ដោយសារតែបណ្ដាប្រទេសអារ៉ាប់មួយចំនួន រួមទាំងមហាអំណាចតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញការស្ម័គ្រចិត្តក្នុងការចូលរួមក្នុងកិច្ចសន្ទនាដើម្បីកសាងទំនាក់ទំនងធម្មតាឡើងវិញជាមួយអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោកកត់សម្គាល់ថា ក្រុមមហាអំណាចដែលនៅពីក្រោយខ្នងនៃជម្លោះទាំងនេះ មិនចង់ឃើញប្រទេសអារ៉ាប់ និងអ៊ីរ៉ង់ខិតជិតគ្នានោះទេ ពោលគឺពួកគេព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឱ្យមានការផ្សះផ្សាគ្នានៅក្នុងតំបន់ ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានពន្យល់ថា ចក្ខុវិស័យរបស់ទីក្រុងមូស្គូ គឺផ្ដោតសំខាន់លើការជំរុញកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាទៅវិញទៅមក ដែលគំនិតនេះក៏កំពុងត្រូវបានលើកយកមកពិភាក្សាដោយអារ៉ាប៊ីសាអូឌីតផងដែរ។ លោកចាត់ទុកថា នេះគឺជាជំហានដំបូងដ៏មានសារៈសំខាន់បំផុត ដែលនឹងត្រូវដើរទន្ទឹមគ្នាជាមួយនឹងការបង្កើតវិធានការបន្ថែមផ្សេងៗទៀត ដើម្បីធានាឱ្យបាននូវតម្លាភាពក្នុងការធ្វើសកម្មភាពយោធារួមគ្នា ។
លោកអំពាវនាវឱ្យមានការដាក់កម្រិតលើការធ្វើសមយុទ្ធ និងការបង្រួមទំហំនៃការដាក់ពង្រាយកម្លាំងទ័ពនៅក្នុងតំបន់ ដើម្បីជាយន្តការកសាងទំនុកចិត្តទ្វេភាគី។ រុស្ស៊ីសង្ឃឹមថាកាលានុវត្តភាព (ឱកាស) នៃការយល់ដឹងពីភាពត្រឹមត្រូវ និងការគិតគូរវែងឆ្ងាយ នឹងអាចឈ្នះលើជម្លោះ ដែលអនុញ្ញាតឱ្យបណ្ដាប្រទេសទាំងអស់នៅមជ្ឈិមបូព៌ាអាចរស់នៅជាមួយគ្នាដោយសន្តិភាព គ្មានការភ័យខ្លាច ហើយរុស្ស៊ីនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអារ៉ាប់ ដើម្បីសម្រេចគោលដៅនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.