ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និងមេដឹកនាំកូរ៉េខាងជើង ចាប់ដៃគ្នាជំរុញសន្តិភាពក្នុងយុគសម័យថ្មី អំឡុងទស្សនកិច្ចនៅព្យុងយ៉ាង

image

ចិន-កូរ៉េខាងជើង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលជិត ៧ឆ្នាំចុងក្រោយ ។

 

នៅក្នុងកិច្ចចរចាទ្វេភាគីដ៏មានសារៈសំខាន់នេះ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យប្រទេសទាំងពីរបន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងបានបង្ហាញបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនៅក្នុងយុគសម័យថ្មី ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនទាំងសងខាង ។

 

ជាការឆ្លើយតប លោក គីម ជុងអ៊ុន បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅដែលប្រធានាធិបតីចិន ផ្ដល់តម្លៃដល់កូរ៉េខាងជើង ដោយជ្រើសរើសយកទីក្រុងព្យុងយ៉ាងជាគោលដៅទស្សនកិច្ចបរទេសដំបូងគេក្នុងឆ្នាំ២០២៦។ លោក គីម ក៏បានសរសើរថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង គឺជាទំនាក់ទំនងដែកថែបដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រ និងមិនអាចបំបែកបំបាក់បានឡើយ មិនថាស្ថានការណ៍ពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ ។

 

ជំនួបកំពូលរវាងមេដឹកនាំទាំងពីរ បានរៀបចំឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកឆ្នាំ ១៩៦១។ ក្នុងឱកាសនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានចេញផ្សាយនូវការអំពាវនាវឱ្យមានការរួបរួមគ្នា ដើម្បីប្រឆាំងនឹងនយោបាយគាបសង្កត់ និងការចង់គ្រប់គ្រងអំណាចផ្ដាច់មុខនៅលើឆាកអន្តរជាតិ ។

 

គួររំឭកដែរថា ជំនួបកំពូលនៅទីក្រុងព្យុងយ៉ាងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីចិន ទើបតែបានបញ្ចប់កិច្ចប្រជុំការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់កាលពីខែឧសភាកន្លងទៅ នៅទីក្រុងប៉េកាំង ដោយលោកបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន ផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.