ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្តីទីវ៉េណេហ្សូអេឡា បំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល

image

តួកគីយ៉េ៖ លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេហ្ស៊ូអេឡា បានជួបពិភាក្សាការងារជាផ្លូវការជាមួយប្រធានាធិបតីតួកគីយ៉េ លោក រ៉េសេប ថាយយីប អ៊ែរដូហ្គង់ (Recep Tayyip Erdogan) នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងកំឡុងនៃដំណើរទស្សនកិច្ចការងារអន្តរជាតិរបស់លោកស្រី ។

 

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវ៉េណេហ្ស៊ូអេឡា ក៏បានបង្ហាញពីជំនួបដ៏មានសារៈសំខាន់មួយទៀត រវាងលោកស្រីប្រធានាធិបតីស្តីទី ជាមួយរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិរបស់តួកគីយ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងប្រទេសទាំងពីរ ។

 

ជាលទ្ធផលនៃជំនួបកំពូលនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នានឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៥ នៅក្នុងប្រទេសវ៉េណេហ្ស៊ូអេឡា នាខែវិច្ឆិកាខាងមុខ ព្រមទាំងត្រៀមបង្កើតពិព័រណ៍អន្តរជាតិមួយ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនតួកគីយ៉េ និងក្រុមហ៊ុនវ៉េណេហ្ស៊ូអេឡា អាចជួបចរចាពាណិជ្ជកម្មគ្នាដោយផ្ទាល់ ។

 

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចចរចា លោកស្រី រ៉ូឌ្រីហ្គេស បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាវ៉េណេហ្ស៊ូអេឡា ជាមហាអំណាចផ្នែកប្រេងនិងថាមពលក៏ដោយ ប៉ុន្តែប្រទេសរបស់លោកស្រីមានបំណងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបង្ហាញពីសក្តានុពលដ៏ទូលំទូលាយលើវិស័យផ្សេងៗទៀត ។

 

អាជ្ញាធរវ៉េណេហ្ស៊ូអេឡាបានវាយតម្លៃថា ជំនួបការទូតនៅប្រទេសតួកគីយ៉េនាពេលនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលវានឹងក្លាយជាការបើកលំហរថ្មីមួយសម្រាប់កិច្ចសន្ទនាដោយផ្ទាល់ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍរួមគ្នា និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតកំពូល ។

 

គួររំឭកថា ប្រទេសតួកគីយ៉េ គឺជាដែនដីចុងក្រោយបង្អស់នៃដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូឌ្រីហ្គេស បន្ទាប់ពីលោកស្រីបានបញ្ចប់បេសកកម្មផ្លូវការនៅប្រទេសឥណ្ឌា ដែលកាលនោះផ្ដោតសំខាន់លើការចរចានាំចេញប្រេង រួមទាំងការជំរុញវិស័យសុខាភិបាល ដឹកជញ្ជូន វិទ្យាសាស្ត្រ និងថាមពលកកើតឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ Al Monitor/ (TUR Presidency / Mustafa Kamaci/AA Photo).