ទីក្រុង ឡាប៉ាស ប្រទេសបូលីវី ធ្លាក់ក្នុងស្ថានភាពជាប់គាំងខ្លាំង ដោយសារតែវិបត្តិខ្វះខាតប្រេង
ឡាប៉ាស, បូលីវី៖ ស្ថានីយ៍ប្រេងឥន្ធនៈនានានៅក្នុងទីក្រុង ឡាប៉ាស ប្រទេសបូលីវី បានធ្លាក់ក្នុងភាពចលាចល ដោយមានរថយន្តកំពុងតែតម្រង់ជួរយ៉ាងវែងអន្លាយ ខណៈក្រុមអ្នកបើកបរបានត្អូញត្អែរយ៉ាងខ្លាំងពីវិបត្តិខ្វះខាតប្រេង ដែលកំពុងបំផ្លាញមុខរបររកស៊ីប្រចាំថ្ងៃរបស់ពួកគេ ។
ក្រុមអ្នកបើកបរឡានដឹកជញ្ជូន បានបង្ហើបថា ពួកគេត្រូវបង្ខំចិត្តដេកនៅក្នុងរថយន្តរហូតដល់ទៅ ៥ថ្ងៃ ដើម្បីរង់ចាំទិញប្រេងឥន្ធនៈ ដោយសារតែគ្មានអាហារ និងទឹកស្អាតគ្រប់គ្រាន់ ពួកគេថែមទាំងត្រូវបង្ខំចិត្តផឹកទឹកដែលប្រើសម្រាប់ចាក់ធុងទឹកស្អំម៉ាស៊ីនឡាន ដើម្បីរស់រានមានជីវិតទៀតផង ។
មូលហេតុដែលធ្វើឱ្យអ្នកបើកបរមិនអាចចាកចេញពីកន្លែងចាក់សាំងទៅរកទិញម្ហូបអាហារ ឬទៅសម្រាកនៅផ្ទះបាន គឺដោយសារតែស្ថានីយ៍ប្រេងបានបង្កើតបញ្ជីឈ្មោះ ដើម្បីហៅត្រួតពិនិត្យវត្តមានជាប្រចាំ ប្រសិនបើម្ចាស់ឡានណាម្នាក់អវត្តមាន ឈ្មោះរបស់ពួកគេនឹងត្រូវលុបចោលភ្លាមៗ ។
វិបត្តិនេះ ក៏បានវាយប្រហារយ៉ាងដំណំដល់កម្មករផ្នែកដឹកជញ្ជូនសាធារណៈរាប់ពាន់នាក់ ដែលមិនអាចចេញរកស៊ីបានធម្មតា ខណៈទំនិញ និងតម្លៃការរស់នៅបានហក់ឡើងថ្លៃកប់ពពក រហូតធ្វើឱ្យពួកគេប្រកាសថា មិនអាចទ្រាំទ្រនឹងស្ថានភាពបែបនេះបានទៀតឡើយ ។
បើតាមអាជ្ញាធរគ្រប់គ្រងផ្លូវថ្នល់បូលីវី ឱ្យដឹងថា ភាពជាប់គាំងនេះបានកើតឡើង បន្ទាប់ពីមានការធ្វើបាតុកម្មបិទផ្លូវរាប់រយខ្សែកើតឡើងនៅក្នុងខេត្តចំនួន ៧ នៃប្រទេសបូលីវី ដែលការណ៍នេះបានកាត់ផ្ដាច់ការដឹកជញ្ជូនស្បៀងអាហារ ថ្នាំសង្កូវ និងប្រេងឥន្ធនៈទាំងស្រុង ហើយសូម្បីតែឡានពេទ្យសង្គ្រោះបន្ទាន់ក៏ឆ្លងកាត់មិនរួចដែរ ។
ជាការឆ្លើយតប រដ្ឋាភិបាលរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ប៉ាស (Rodrigo Paz) បានប្រកាសបញ្ចេញប្រេងជាង ១លានលីត្រ និងឧស្ម័នចម្អិនអាហារចំនួន ៤០,០០០ធុង ដើម្បីជួយសង្គ្រោះស្ថានការណ៍ ប៉ុន្តែទីក្រុងសំខាន់ៗនៅតែបន្តជួបការលំបាកខ្លាំង ដោយសារតែខ្សែផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រនៅតែបន្តរងការបិទខ្ទប់ជាប់ដដែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.