អឺរ៉ុប បញ្ចេញថវិកាដំបូងជិត ២,៨ពាន់លានអឺរ៉ូឱ្យអ៊ុយក្រែន ក្រោយហុងហ្គ្រីដកសិទ្ធិជំទាស់
អឺរ៉ុប៖ គណៈកម្មការអឺរ៉ុប បានប្រកាសជាផ្លូវការពីការបញ្ចេញទឹកប្រាក់ជិត ២,៨ ពាន់លានអឺរ៉ូ (ប្រហែល ៣,២ ពាន់លានដុល្លារ) ក្នុងកញ្ចប់ជំនួយដំបូងទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីជួយគាំទ្រដល់ប្រព័ន្ធរដ្ឋបាលសាធារណៈ និងការចំណាយលើការការពារខ្លួនប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ។
ការសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកានេះ អាចធ្វើទៅបានបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហុងហ្គ្រី លោក ភីធើ ម៉ាដ្យា (Peter Magyar) បានដកសិទ្ធិវេតូជំទាស់ចោលវិញ ដែលសិទ្ធិជំទាស់នេះពីមុនត្រូវបានដាក់ចេញដោយអតីតនាយករដ្ឋមន្ត្រី លោក វីកទ័រ អរប៊ែន (Viktor Orban) ក្រោមហេតុផលចោទប្រកាន់អ៊ុយក្រែនថាបានបិទបំពង់ប្រេងរបស់រុស្ស៊ី និងលូកដៃចូលក្នុងការបោះឆ្នោត ។
ទន្ទឹមនឹងការជួយអ៊ុយក្រែន អាជ្ញាធរសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងសំណួរយ៉ាងដុនដាប ជុំវិញរបាយការណ៍ស្តីពីក្រុមហ៊ុនចម្រាញ់រ៉ែ អូហ្គីនីស អាលុយមីណា (Aughinish Alumina) របស់រុស្ស៊ី ដែលមានមូលដ្ឋាននៅប្រទេសអៀរឡង់ដ៍ ដែលរងនូវមន្ទិលសង្ស័យថាបានលួចបញ្ជូនវត្ថុធាតុដើមចូលទៅក្នុងខ្សែច្រវាក់ផលិតកម្មអាវុធយោធារបស់រុស្ស៊ី ។
ទោះបីជាមន្ត្រីអ្នកនាំពាក្យអឺរ៉ុប បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើកញ្ចប់ទណ្ឌកម្មទៅថ្ងៃអនាគតក៏ដោយ ប៉ុន្តែពួកគេបានទទួលស្គាល់ថា ស្ថានភាពនេះជារឿងគួរឱ្យព្រួយបារម្ភខ្លាំង ហើយប្រធានគោលនយោបាយការបរទេសអឺរ៉ុប នឹងលើកយកបញ្ហានេះទៅជជែកផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ដ៍ ដែលកំពុងបើកការស៊ើបអង្កេត ។
ដោយឡែក ពាក់ព័ន្ធនឹងទណ្ឌកម្មលើប្រទេសចិន គណៈកម្មការអឺរ៉ុបបានបំភ្លឺថា ក្រុមហ៊ុនផលិតគ្រឿងបង្គុំបន្ទះឈីបរបស់ចិនមួយដែលរងទណ្ឌកម្ម គឺនៅតែមានឈ្មោះក្នុងបញ្ជីខ្មៅដដែល ប៉ុន្តែអឺរ៉ុបបានស្នើសុំលើកលែងជាបណ្ដោះអាសន្នរយៈពេល ៩ខែ ដើម្បីកុំឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុនផលិតឡានរបស់អឺរ៉ុប ។
ក្រៅពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន សហភាពអឺរ៉ុបក៏បានបង្ហើបពីផលប៉ះពាល់ខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីវិបត្តិអស្ថិរភាពដែលមិនទាន់បញ្ចប់នៅតំបន់មជ្ឈិមបូព៌ា ដោយបានរុញច្រានឱ្យតម្លៃនៃការនាំចូលថាមពល និងឥន្ធនៈហ្វូស៊ីលរបស់អឺរ៉ុបហក់ឡើងថ្លៃយ៉ាងគំហុក ។
អ្នកនាំពាក្យអឺរ៉ុប បញ្ជាក់ថា ការចំណាយលើថាមពលបានកើនឡើងរហូតដល់ទៅជាង ៤៧ ពាន់លានអឺរ៉ូ ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃចុងក្រោយនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនមានការកាត់ផ្ដាច់ ឬខ្វះខាតការផ្គត់ផ្គង់ថាមពលនោះទេ ដោយសារតែអឺរ៉ុបមានប្រភពថាមពលចម្រុះ និងបង្កើនការផលិតក្នុងស្រុកបានល្អ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (AP Photo/Geert Vanden Wijngaert)/ The Associated Press/ Freepik.