កម្ពុជា និងសិង្ហបុរី សន្យាជួយគាំទ្រគ្នាទៅវិញទៅមកលើការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Steven PANG Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទើបទទួលបានការតែងតាំងបេសកកម្មការទូតថ្មីនៅកម្ពុជា។
ក្នុងជំនួប លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំបង្កើតសួនឌីជីថល ការជួយគាំទ្រគ្នាទៅវិញទៅមកលើការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។
លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន នាពេលកន្លងមក ជាពិសេសការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈថ្នាល DG SuperApp ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនានាដែលក្រសួងសម្រេចបាន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖ សុភ័ស្ស