ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវតែបន្តការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនរាថយដាច់ខាត ជាពិសេសបន្តត្រួតពិនិត្យទីតាំងសង្ស័យ

image

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវតែបន្តការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយមិនរាថយដាច់ខាត ត្រូវតែចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជា្ជជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ។

ការណែនាំនេះ បានធ្វើឡើងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះ ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ដោយលោកស្នងការរង តំណាងលោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក លោកអភិបាល បានអនុញ្ញាតឱ្យអភិបាលខណ្ឌចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានាក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការងារបង្រ្កាបបទល្មើសនេះ កាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្រ្កាបឱ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យ បន្តថា ជាមួយគ្នានេះដែរ ក៏បានផ្តល់ជាអនុសាសន៍ និងការដឹកនាំមួយចំនួនសម្រាប់ឱ្យប្រតិបតិ្តករទាំងអស់ ទាំងស្នងការដ្ឋាននគរបាល ទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ យកទៅអនុវត្តបន្ត៕