សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្ន ឃុំស្លក្រាម ថាជា ”ភូមិរង់ចាំ”
បន្ទាយមានជ័យ៖ ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ជាង២.៨០០គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីនៃកម្ពុជា បានប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្ននេះ ថាជា ”ភូមិរង់ចាំ”។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំសូមស្នើប្រសិទ្ធនាមទីនេះ ហៅថា ភូមិរង់ចាំ“ ដោយសារទីតាំងនេះ គឺជាការរស់នៅបណ្តោះអាសន្ន រង់ចាំការដោះស្រាយដោយសន្តិវិធី របស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកទឹកដីកម្ពុជា ត្រឡប់មកពីថៃវិញ។ ជាមួយគ្នានោះ សម្តេចតេជោ បានណែនាំឱ្យអាជ្ញាធរ រៀបចំបែងចែកជាភូមិរង់ចាំទី១ រង់ចាំទី២ ដោយសារទីតាំងនេះ មានទំហំធំ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ដថា "មិនមែនយើងមករស់នៅតំបន់ភៀសសឹកនេះ ហើយបោះបង់ការទាមទារដីរបស់យើងមកវិញទេ ដីរបស់កម្ពុជា កម្ពុជាត្រូវតែទាមទារត្រលប់មកវិញ ខណៈនាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា បញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្ដិវិធី"។
សម្ដេតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកាន់កាប់ដោយខុសច្បាប់ លើទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ កម្ពុជាមិនដែលទទួលស្គាល់ឡើយ។ ព្រំដែនមិនអាចកំណត់ ដោយការប្រើប្រាស់កម្លាំងយោធានោះទេ ត្រង់ចំនុចនេះ ជាចំនុចដែលពិភពលោក គឺមិនដែលទទួលស្គាល់ដូចគ្នា ពីការប្រើប្រាស់កម្លាំងយោធា ដើម្បីកំណត់ព្រំដែន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានទទួលដំណឹងពីនាយករដ្ឋមន្ដ្រីកម្ពុជាថា បើទោះបីជាផ្ទះរបស់ជនភៀសសឹក ដែលនៅតាមបន្ទាត់ព្រំដែនទាមទារបានមកវិញក៏ដោយ ក៏ផ្ទះដែលពលរដ្ឋស្នាក់នៅ ស្ថិតក្នុងមណ្ឌលបណ្ដោះអាសន្ននេះ ក៏នឹងប្រគល់ជូនពួកគាត់ដដែល ដោយរាជរដ្ឋាភិបាលមិនយកត្រលប់វិញទេ។ ក្នុងន័យនេះ សម្ដេចតេជោ បានណែនាំឲ្យប្រជាពលរដ្ឋ រៀបចំសណ្ដាប់ធ្នាប់ និងសាងសង់បន្ថែម នូវតាមផ្ទះរៀងៗខ្លួន ដើម្បីឱ្យការរស់នៅកាន់តែល្អប្រសើរ៕
អត្ថបទ៖ ឈឹម ធីតា