អាជ្ញាធររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យ ៨៥ទីតាំងបន្ថែមទៀត រកឃើញជនបរទេសគ្មានលិខិតឆ្លងដែន ១៨នាក់ និងករណីបទល្មើសឆបោកតឆាមប្រព័ន្ធអនឡាញ ១ករណី
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ ៨៥ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៦៩នាក់ (ស្រី ១៣៩នាក់) ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន ១៨នាក់។ ក្នុងចំណោម ៨៥ទីតាំង បានរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណីស្ថិតនៅបុរីអាម៉ូរីសែនសុខ ផ្ទះលេខ១៨បេ ផ្លូវលេខ០៣ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ (ស្រី ១នាក់) គ្មានលិខិតឆ្លងដែន ៥នាក់ ក្នុងនោះមានជនជាតិចិន ៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ព្រមទាំងដកហូត សម្ភារ រួមមាន កុំព្យូទ័រយួរដៃ១គ្រឿង ទូរសព្ទ ៥២គ្រឿង ធុងCPU២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។
យោងតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៦ ថា ប្រតិបត្តិការនេះ ដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមនឹងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ការរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន១ករណី នៅខណ្ឌសែនសុខនេះ បើតាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគដែលមានគោលដៅទៅប្រទេសចិន។
ដោយឡែកនៅខណ្ឌកំបូល បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ ១ករណី ស្ថិតនៅសណ្ឋាគារហៃយ៉ាត់ (ហៃឡី) និងអគារពាណិជ្ជកម្ម លើក្បាលដីលេខ៣៩៩៤ ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើ ង សង្កាត់កន្ទោក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានជនជាតិចិន ៧នាក់ និងជនជាតិខ្មែរ ១នាក់ ព្រមទាំងដកហូតសម្ភារ រួមមាន តុបាការ៉ាត់ ៩តុ (គ្មានជើង), ម៉ូនីទ័រប៉ាការ៉ាត់ ៨គ្រឿង, ស្លត់ម៉ាស៊ីន១១, ទូរូឡែត១, ទូបាញ់ត្រី២, តុម៉ាជាំង១, ម៉ូនីទ័រ ១០គ្រឿង, ធុងCPU ៤គ្រឿង, Printer ២គ្រឿង, ម៉ាស៊ីនរាប់លុយ ២គ្រឿង, ឧបករណ៍ Server មួយចំនួន, កៅអីខ្មៅវិល ១៨កៅអី, កៅអីពូកមាស ៥៦កៅអី, កៅអីក្រហមខ្មៅ ៤៥កៅអី, កៅអីស ៩កៅអី។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់នោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រីអ្នកនាំពាក្យបន្ថែមថា ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ សរុបចំនួន ១២ទីតាំង មនុស្សចំនួន ៣៣នាក់ គិតជាថវិកាសរុបបានចំនួន ១៣២.០០០.០០០រៀល (មួយរយសាមសិបពីរលានរៀល)៕