អគ្គិភ័យឆាបឆេះរោងចក្រកែច្នៃកាកសំណល់នៅទីក្រុងឡុងដ៍ បញ្ចេញផ្សែងខ្មៅពាសពេញអាកាស
អង់គ្លេស៖ គ្រោះអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលកែច្នៃកាកសំណល់មួយកន្លែង ក្នុងតំបន់ប៊ឺម៉ុនស៊ី (Bermondsey) ទីក្រុងឡុងដ៍ កាលពីម៉ោង ៥:៣០នាទីល្ងាច (ម៉ោងក្នុងស្រុក) ដោយបានបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ហុយពេញពេញផ្ទៃមេឃ។ ដើម្បីទប់ទល់នឹងស្ថានភាពនេះ កម្លាំងពន្លត់អគ្គិភ័យក្រុងឡុងដ៍ បានដាក់ពង្រាយឡានទឹកចំនួន ១៥គ្រឿង រួមទាំងកម្លាំងជួរមុខប្រមាណ ១០០នាក់ ដើម្បីបាញ់ទឹកបង្ក្រាបអណ្តាតភ្លើងដែលកំពុងឆាបឆេះគំនរសម្រាមដ៏ខ្លាំងក្លា ។
ជុំវិញហេតុការណ៍នេះ អាជ្ញាធរក្នុងតំបន់ បានអំពាវនាវឱ្យសាធារណជនចៀសវាងការធ្វើដំណើរចូលតំបន់នោះ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំង ត្រូវបិទទ្វារ និងបង្អួចផ្ទះឱ្យបានជិតល្អ ដើម្បីការពារសុខភាព និងត្រូវត្រៀមទឹក ឬឧបករណ៍ពន្លត់ភ្លើង ក្នុងករណីដែលមានកម្ទេចភ្លើងអាចហោះមកលើផ្ទះ ដោយរំពឹងថាប្រតិបត្តិការសង្គ្រោះនេះ នឹងត្រូវចំណាយពេលជាច្រើនម៉ោងបន្តទៀត ។
ក្រៅពីផលប៉ះពាល់ដល់ការរស់នៅ អគ្គិភ័យនេះ ក៏បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ ដោយសារតែទីតាំងកើតហេតុស្ថិតនៅកៀកនឹងផ្លូវរថភ្លើងដ៏សំខាន់។ ខ្សែរថភ្លើងជាច្រើនត្រូវបានលុបចោល និងកែប្រែតារាងពេលវេលា ព្រោះផ្សែងខ្មៅក្រាស់បានរំខានដល់អ្នកបើកបររថភ្លើង ខណៈការរំខាននេះ ត្រូវគេរំពឹងថា នឹងបន្តអូសបន្លាយរហូតដល់យប់ជ្រៅ ទើបក្រុមហ៊ុនរថភ្លើងជំរុញឱ្យពលរដ្ឋរកមធ្យោបាយធ្វើដំណើរផ្សេងទៀតជំនួសវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.