កូនខ្មែរធ្វើបាន! សិស្ស NPIC មានសមត្ថភាពផលិតម៉ាស៊ីនតាមដានគុណភាពខ្យល់ និងបរិស្ថាន សម្រាប់បំពាក់នៅក្នុងទីតាំងឧស្សាហកម្ម
ភ្នំពេញ៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍តាមរយៈការបង្កើត Air Quality Monitoring Device ឬឧបករណ៍វាស់ និងតាមដានគុណភាពខ្យល់ ដែលអាចជួយត្រួតពិនិត្យបរិយាកាស និងជូនដំណឹងអំពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។
យុវជន ខាត់ ស៊ុនសំណាង រៀនជំនាញអេឡិចត្រូនិកបានឱ្យដឹងថា តាមរយៈម៉ាស៊ីនេះ ក្រោយពីស្កេន QR Code អ្នកប្រើប្រាស់អាចមើលឃើញទិន្នន័យអំពីគុណភាពខ្យល់ដោយផ្ទាល់នៅលើទូរសព្ទដៃ។
យុវជនរូបនេះបញ្ជាក់ថា ឧបករណ៍នេះត្រូវបានរចនា ផលិត និងអភិវឌ្ឍទាំងផ្នែក Hardware និង Software ដោយខ្លួនឯង រួមទាំង Web Interface សម្រាប់បង្ហាញទិន្នន័យផងដែរ។
លោកបន្ថែមថា ឧបករណ៍នេះមានសមត្ថភាពវាស់ស្ទង់ទិន្នន័យសំខាន់ៗជាច្រើន ដូចជា កម្រិតភាគល្អិតធូលី PM10 ឧស្ម័នកាបូនឌីអុកស៊ីត(CO₂) សីតុណ្ហភាព សំណើម និងប៉ារ៉ាម៉ែត្រផ្សេងៗទៀត។ ទិន្នន័យទាំងនេះអាចត្រូវបានបង្ហាញភ្លាមៗនៅលើទូរសព្ទដៃ ឬកុំព្យូទ័រ តាមរយៈប្រព័ន្ធអនឡាញដែលក្រុមសិស្សបានអភិវឌ្ឍដោយខ្លួនឯង។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ឧបករណ៍នេះអាចជួយត្រួតពិនិត្យស្ថានភាពបរិយាកាស និងជូនដំណឹងនៅពេលគុណភាពខ្យល់ ឬសីតុណ្ហភាពឈានដល់កម្រិតដែលអាចបង្កហានិភ័យ។ បន្ថែមពីនេះ ឧបករណ៍នេះអាចយកទៅប្រើប្រាស់បានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស ស្ថាប័នសាធារណៈ ឬទីតាំងផ្សេងៗ ដែលមានតម្រូវការតាមដានគុណភាពខ្យល់។
លោកបញ្ជាក់ថា៖«ស្នាដៃនេះ ជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ក្នុងការបង្កើត និងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាបរទេស។ ស្នាដៃរបស់ក្រុមសិស្ស NPIC ដែលភាគច្រើនមានវ័យត្រឹមជាង ២០ឆ្នាំនេះ បានបង្ហាញថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កំពុងរួមចំណែកបង្កើតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា»។
បើតាមលោក ស៊ុន មេសា ការបង្កើត Air Quality Monitoring Device មិនត្រឹមតែជាស្នាដៃបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពមួយដែលបង្ហាញថា យុវជនខ្មែរអាចស្រាវជ្រាវ ច្នៃប្រឌិត និងបង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បម្រើសង្គម និងការអភិវឌ្ឍប្រទេសជាតិបានដូចបណ្តាប្រទេសជឿនលឿនផងដែរ៕