លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឡាវ ប្រចាំកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោក SonexayVannaxay ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និងបានគូសរំលេចអំពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលុងជាង១ពាន់ឆ្នាំរវាងកម្ពុជា-ឡាវ ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នាហើយដែលតែងតែផ្តល់ការគាំទ្រគ្នា និងសហការគ្នាលើគ្រប់វិស័យទៅវិញទៅមកដូចបងប្អូន។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាទំនាក់ទំនងដ៏រឹងមាំនេះ បានមកពីការពូនជ្រំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ចាប់តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិតThongloun Sisoulith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រហូតមកដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ។
លោក Sonexay Vannaxay បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដូចជាផ្លូវ និងអាកាសយានដ្ឋានជាដើម ក៏ដូចជាសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម និងមានគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញច្រើនកន្លែង តាមរយៈការធ្វើដំណើររបស់លោកផ្ទាល់ទៅកាន់បណ្តាខេត្តនានារបស់កម្ពុជានាពេលថ្មីៗនេះ។
ឯកអគ្គរដ្ឋទូតឡាវ ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្រ្តីឡាវ មកដកស្រង់បទពិសោធលើការអនុវត្តកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS និងលើផ្នែកឌីជីថលប្រកបដោយជោគជ័យ ហើយក៏ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។
លោក បានប្តេជ្ញាថា នឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប តាមច្រកផ្លូវគោកដោយរថយន្ត នៅក្នុងអាណត្តិការងារការទូតរបស់លោក។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសជាមួយបណ្តាប្រទេសដៃគូ ដូចជាប្រទេសចិន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់មេគង្គ ជាពិសេសការតភ្ជាប់រវាង ចិន-ឡាវ-កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ហើយកម្ពុជា និងឡាវ គួរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ស្របតាមនិន្នាការនៃការអភិវឌ្ឍក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជាជាច្រកនាំចេញរបស់ឡាវ ទៅកាន់ទីផ្សារអន្តរជាតិពិសេសការប្រើប្រាស់ព្រែកជីកហ្វូណនតេជោតែម្តង។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសការផ្គត់ផ្គង់អគ្គិសនីពីប្រទេសឡាវមកកម្ពុជា ព្រមទាំងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក្នុងការសម្របសម្រួលការដឹកជញ្ជូនផលិតផលកសិកម្មរបស់កម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលនឹងជួយបង្កើនឱកាសទីផ្សារ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងលទ្ធភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំរបស់កម្ពុជា ជាមួយនឹងខេត្តចំប៉ាសាក់របស់ឡាវ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរលោក Sonexay Vannaxay ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំនិងមានផ្លែផ្កាបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរជាបងប្អូន៕