ករណីឃាតកម្មដ៏រន្ធត់នៅថៃ! បងស្រីអាយុ១៣ឆ្នាំ សម្លាប់ប្អូនស្រីអាយុ៧ឆ្នាំ ក្រោយឈ្លោះប្រកែកដណ្ដេីមប្រដាប់លេង និងទូរសព្ទដៃ
ថៃឡង់ដ៍ ករណីឃាតកម្មដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅក្នុងខេត្តកញ្ចនបុរី ប្រទេសថៃ បន្ទាប់ពីក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ឈ្មោះ កានដា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានសម្លាប់ប្អូនស្រីបង្កើតអាយុ ៧ ឆ្នាំឈ្មោះ ណង អាក់ងូន (Nong Agnoon) ដោយសារតែការឈ្លោះប្រកែកគ្នាដណ្ដើមប្រដាប់ក្មេងលេង និងទូរសព្ទដៃ។ សាកសពរបស់កុមារីរងគ្រោះត្រូវគេរកឃើញនៅក្នុងចម្ការកៅស៊ូមួយកន្លែង ក្បែរផ្ទះរបស់នាង ៣ថ្ងៃក្រោយការប្រកាសពីការបាត់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា។ ព្រឹត្តិការណ៍នេះ បានដុតបញ្ឆេះការចាប់អារម្មណ៍ និងការជជែកដេញដោលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយសារតែទាំងជនរងគ្រោះ និងជនសង្ស័យសុទ្ធតែជាអនីតិជននៅឡេីយ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់មន្ត្រីនគរបាល ឱ្យដឹងថា ជនសង្ស័យឈ្មោះ កានដា (Kanda) រួមជាមួយពូបង្កើតអាយុ ១៧ ឆ្នាំឈ្មោះ ប៉េ (Pae) បានយកបាវជីមកគ្របក្បាលក្មេងស្រីរងគ្រោះ រួចច្របាច់ក រហូតដល់កុមារីរងគ្រោះដាច់ខ្យល់ស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីដឹងថានាងស្លាប់ ជនសង្ស័យទាំងពីរបានលាក់សាកសពនៅក្នុងទូខោអាវ រួចដឹកតាមម៉ូតូកង់បីយកទៅប្លុងចោលនៅក្នុងចម្ការកៅស៊ូ។
ទោះជាយ៉ាងណាក្ដី លទ្ធផលកោសល្យវិច័យបឋមក៏បានបង្ហាញតម្រុយគួរឱ្យសង្ស័យ អំពីស្លាកស្នាមនៃការរំលោភបំពានផ្លូវភេទនៅលើសាកសពផងដែរ ដែលធ្វើឱ្យសមត្ថកិច្ចត្រូវបន្តឃុំខ្លួនជនសង្ស័យទាំងពីរនៅក្នុងមណ្ឌលកែប្រែយុវជន។
ជុំវិញការសារភាពដ៏រន្ធត់នេះ សមាជិកគ្រួសារជាពិសេសឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ នៅតែបង្ហាញការសង្ស័យ និងមិនទាន់អាចទទួលយកបានទាំងស្រុងនោះទេ ដោយសារតែកន្លងមក កូនស្រីច្បងតែងតែបដិសេធថាខ្លួនមិនបានដឹងរឿង។ ឪពុករបស់នាងបញ្ជាក់ថា លោកមិនដែលឃើញកូនស្រីទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លាបែបនេះពីមុនមកឡើយ ហើយទោះបីជាការឈ្លោះគ្នាអាចបណ្ដាលមកពីការដណ្ដើមទូរសព្ទដៃមែន ក៏វាមិនគួរប្រែក្លាយទៅជាអំពើហិង្សាដ៏សាហាវឃោរឃៅ ដល់ថ្នាក់ផ្ដាច់ជីវិតគ្នាទៅវិញទៅមកបែបនេះដែរ។
សោកនាដកម្មនេះ ក៏បានឆ្លុះបញ្ចាំងពីករណីស្រដៀងគ្នាមួយដែលបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន ដែលកាលណោះបងប្រុសអាយុ ៩ ឆ្នាំបានយកកាំបិតកាប់ប្អូនប្រុស ព្រោះខឹងរឿងធ្វើឱ្យខូចទូរសព្ទដៃ និងបាត់បង់ពិន្ទុក្នុងហ្គេម Roblox Jeweled។ ព្រឹត្តិការណ៍ដ៏សាហាវទាំងនេះ បានជំរុញឱ្យមានការជជែកដេញដោលជាថ្មីអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងការគ្រប់គ្រងរបស់អាណាព្យាបាល រហូតដល់ប្រទេសម៉ាឡេស៊ីបានសម្រេចដាក់ច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គមចាប់ពីខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ខណៈប្រទេសថៃក៏កំពុងពិចារណាបង្កើតច្បាប់ស្រដៀងគ្នានេះដែរ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post | រូបភាព៖ Khaosod/ (Daily News/ MGR Online and Ejan via Thaiger)/ AFP/ SCMP.