សមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទីតាំង ចំនួន ៨៥កន្លែងទៀត ប៉ុន្តែមិនបានរកឃើញករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ
ភ្នំពេញ៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារ បានចុះត្រួតពិនិត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នាក់ (ស្រី ២៣២នាក់) និងអ្នកគ្មានលិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ប៉ុន្តែក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នាព្រឹកថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២៦នេះ ថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកស្រីអ្នកនាំពាក្យ បានឱ្យដឹងផងដែរថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ១ទីតាំង មនុស្សចំនួន ១២នាក់ គិតជាថវិកាសរុបបានចំនួន ៤៨.០០០.០០០រៀល៕