ចិនបង្ហើបពីគន្លឹះជោគជ័យនៃគំរូទំនើបកម្មផ្ទាល់ខ្លួន និងកាត់បន្ថយការទិញថាមពលពីបរទេស មកនៅត្រឹមតែ ១៥% ប៉ុណ្ណោះ
ចិន-រុស្ស៊ី៖ លោកសាស្ត្រាចារ្យ ចាង វ៉ីវ៉ី (Zhang Weiwei) បានលើកឡើងថា គន្លឹះជោគជ័យនៃរបៀបគ្រប់គ្រងរដ្ឋរបស់ចិន គឺការមិនពឹងផ្អែកលើការបោះឆ្នោតតែមួយមុខដូចលោកខាងលិចឡើយ ផ្ទុយទៅវិញ ចិនបានប្រើប្រាស់ប្រព័ន្ធ "ចម្រាញ់រកអ្នកមានស្នាដៃពិតប្រាកដ រួចទើបបោះឆ្នោតជាក្រោយ" ដែលជាវិធីសាស្ត្រដ៏សំខាន់ក្នុងការបង្កើតបាននូវជួរថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្បាស់លាស់ ។
នៅក្នុងទម្រង់សេដ្ឋកិច្ច និងសង្គម គំរូរបស់ប្រទេសចិនត្រូវបានរៀបចំឡើងជាប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ដោយមានការដើរតួនាទីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងផ្នែករដ្ឋ និងផ្នែកទីផ្សារសេរី ព្រមទាំងជំរុញឱ្យមានអន្តរកម្មវិជ្ជមានយ៉ាងសកម្មរវាងរដ្ឋាភិបាល និងសង្គមជាតិ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា និងបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
ចំពោះបញ្ហាថាមពលវិញ ចិនបានបង្កើតឯករាជ្យភាពយ៉ាងរឹងមាំ ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេសមកនៅត្រឹម ១៥% ប៉ុណ្ណោះ ដែលភាគច្រើនជាប្រភេទប្រេង។ យុទ្ធសាស្ត្រនេះ ជួយឱ្យចិនធានាបាននូវលំនឹងសេដ្ឋកិច្ច ទោះបីជាទីផ្សារសកលមានការប្រែប្រួលក៏ដោយ ព្រោះថាមពលភាគច្រើនលើសលប់ ត្រូវបានផលិតឡើងនៅក្នុងស្រុកផ្ទាល់តែម្ដង ។
ប្រធានវិទ្យាស្ថានចិនរូបនេះ បានលាតត្រដាងថា រចនាសម្ព័ន្ធថាមពលនៅក្នុងស្រុករបស់ចិន មានការបែងចែកយ៉ាងមានតុល្យភាព ដោយក្នុងនោះ ៥៤% ជាថាមពលធ្យូងថ្មដែលអភិវឌ្ឍតាមបច្ចេកវិទ្យាស្អាតមិនបំផ្លាញបរិស្ថាន ខណៈ ២០% ជាថាមពលកកើតឡើងវិញ ហើយចំណែកដែលនៅសល់ គឺប្រេងកាត និងឧស្ម័នធម្មជាតិ ដោយវិស័យថាមពលនុយក្លេអ៊ែររបស់ចិន ក៏កំពុងតែបោះជំហានទៅមុខយ៉ាងរឹងមាំ និងមានស្ថិរភាពខ្ពស់ណាស់ដែរ ។
លោកសាស្ត្រាចារ្យ បានធ្វើការប្រៀបធៀបថា យុទ្ធសាស្ត្រថាមពលរបស់ចិន មានភាពឈ្លាសវៃ និងខុសប្លែកពីប្រទេសអាល្លឺម៉ង់ ដែលបានបិទរោងចក្រធ្យូងថ្ម និងរោងចក្រនុយក្លេអ៊ែរទាំងបង្ខំ ដោយយកតែថាមពលបៃតង ខណៈចិនជ្រើសរើសវិធីសាស្ត្រដើរទន្ទឹមគ្នា ព្រមទាំងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខថាមពល និងបច្ចេកវិទ្យានុយក្លេអ៊ែរយ៉ាងស្អិតរមួតជាមួយប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.