យុវជនកម្ពុជាកាន់តែមានសមត្ថភាព! សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បីជួយជំរុញវិស័យឧស្សាហកម្មកម្ពុជា
ភ្នំពេញ៖ សិស្សជំនាញមេកានិចរថយន្តនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុកម្ពស់ជាង ១,៤០ម៉ែត្រ ដើម្បីបម្រើដល់តម្រូវការនៃវិស័យឧស្សាហកម្ម និងការច្នៃប្រឌិត។
យុវជន ឡេង សុខលីន សិស្សជំនាញមេកានិចរថយន្ត បានឱ្យដឹងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ ត្រូវបានដំឡើងនៅក្នុងវិទ្យាស្ថានផ្ទាល់ ដោយសិស្សជាអ្នកអនុវត្ត ខណៈគ្រឿងបង្គំមួយចំនួនត្រូវបានទិញពីខាងក្រៅ។ ការអភិវឌ្ឍម៉ាស៊ីននេះបានចំណាយពេលប្រមាណ ៣ខែ និងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដង ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។
យុវជនរូបនេះបានបញ្ជាក់ថា មូលហេតុដែលក្រុមការងារសម្រេចចិត្តបង្កើតម៉ាស៊ីននេះ គឺដោយសារម៉ាស៊ីនបោះពុម្ព 3D ភាគច្រើនដែលមាននៅលើទីផ្សារ មានតែទំហំតូច ខណៈតម្រូវការក្នុងការផលិតគំរូ ឬវត្ថុដែលមានទំហំធំកំពុងកើនឡើង។ ដូច្នេះ ការបង្កើតម៉ាស៊ីនខ្នាតធំនេះ នឹងអាចជួយពង្រីកលទ្ធភាពផលិត និងបង្កើតស្នាដៃថ្មីៗបានកាន់តែច្រើន។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ អាចដើរតួនាទីសំខាន់ក្នុងការផលិតគំរូ (Prototype) សម្រាប់រោងចក្រ និងសហគ្រាស មុនពេលឈានទៅផលិតផលពេញលេញ។ វាជួយឱ្យម្ចាស់អាជីវកម្មអាចពិនិត្យ វាយតម្លៃ និងកែលម្អផលិតផលរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។
លោកបានគូសបញ្ជាក់ថា៖«ស្នាដៃនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលអាចបណ្តុះធនធានមនុស្សមានសមត្ថភាពពិតប្រាកដ ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារ និងការអភិវឌ្ឍឧស្សាហកម្មសម័យទំនើប»។
បើតាមលោក ស៊ុន មេសា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ អាចប្រើប្រាស់សម្រាប់ការផលិតគំរូផលិតផលធំៗ ដូចជា គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត រូបចម្លាក់ និងស្នាដៃសិល្បៈផ្សេងៗ។ លើសពីនេះ វាក៏អាចអនុវត្តក្នុងវិស័យស្ថាបត្យកម្ម សម្រាប់បោះពុម្ពគំរូអគារ និងផ្នែកសំណង់ ព្រមទាំងវិស័យរចនា និងសិល្បៈផងដែរ។
លោក បានសង្កត់ធ្ងន់ថា សមិទ្ធផលនេះ មិនត្រឹមតែជាស្នាដៃបច្ចេកទេសរបស់សិស្សជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព ចំណេះដឹង និងភាពច្នៃប្រឌិត អាចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកជំរុញការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំនាពេលអនាគត៕