ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់រុស្ស៊ី រិះគន់លោក ហ្សេលែនស្គី ថា ព្រោះតែអស់ផ្លូវដើរ ទើបសរសេរសំបុត្រស្វែងរកការចរចាជាមួយលោក ពុទីន

image


 
រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី បានសម្តែងការរិះគន់យ៉ាងធ្ងន់ៗទៅលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមីរ ហ្សេលែនស្គី បន្ទាប់ពីមានព័ត៌មានស្តីពីការផ្ញើសំបុត្រអំពាវនាវរបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន។ ប្រធានរដ្ឋសភារុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បានចាត់ទុកលោក ហ្សេលែនស្គី ថាជាមេដឹកនាំរបបភេរវកម្មខុសច្បាប់ ដោយសង្កត់ធ្ងន់ថា ទង្វើនៃការសរសេរសំបុត្រនេះ គឺដោយសារតែមេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងគ្មានជម្រើសផ្សេងទៀតក្នុងការដោះស្រាយបញ្ហាតែប៉ុណ្ណោះ ។
 
ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី វ៉ាលេនទីណា ម៉ាត់វីយ៉េនកូ (Valentina Matviyenko) បានលើកឡើងថា បើសិនលោក ហ្សេលែនស្គី មានបំណងចង់ចរចាដោយស្មោះត្រង់តាមរយៈសំបុត្រនោះមែន ជំហានដំបូង លោកត្រូវតែដកចេញនូវបទបញ្ជាផ្លូវការ ដែលហាមឃាត់ការចរចាជាមួយមេដឹកនាំរុស្ស៊ីជាមុនសិន។ លោកស្រីបន្ថែមថា ភាគីរុស្ស៊ីតែងតែគាំទ្រការជជែកគ្នាដើម្បីសន្តិភាពពិតប្រាកដ ប៉ុន្តែមិនមែនជាការសម្តែងធ្វើពុតជាចរចាដូចអ្វីដែលបណ្តាប្រទេសនៅអឺរ៉ុបកំពុងរៀបចំ និងដេញដោលរកអ្នកដឹកនាំចរចា ដោយគ្មានផែនការជាក់ស្តែងនោះឡើយ ។
 
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានវាយប្រហារចំៗទៅលើសហភាពអឺរ៉ុបផងដែរថា កំពុងតែបាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិ និងកំពុងរុញច្រានខ្លួនឯង រួមទាំងសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ទៅក្នុងផ្លូវទាល់ច្រកដ៏គ្រោះថ្នាក់បំផុតសម្រាប់អរិយធម៌មនុស្សជាតិ។ ការណ៍នេះកើតឡើងដោយសារតែអឺរ៉ុបមាន «ជំងឺភ័យខ្លាចរុស្ស៊ី» ខ្លាំងពេក រហូតដល់ប្រើប្រាស់វិធានការរឹតត្បិត និងទណ្ឌកម្មសេដ្ឋកិច្ចដើម្បីបង្អាក់ការអភិវឌ្ឍរបស់ប្រទេសដទៃ ដែលចុងក្រោយអឺរ៉ុបត្រូវតែដឹងខ្លួនឡើងវិញ និងទទួលស្គាល់ការពិតថា ពួកគេមិនអាចលុបបំបាត់ ឬបិទខ្ទប់ប្រទេសរុស្ស៊ីចេញពីផែនទីពិភពលោកបាននោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Ukrainian Presidential Press Office via AP Photo)/ VIORY.