ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានបាញ់កម្ទេចអ៊ីស្រាអ៊ែលឱ្យកាន់តែសាហាវ បើមិនបញ្ឈប់ការវាយប្រហារលើរដ្ឋធានីបេរូតនៃប្រទេសលីបង់

image


អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ តាមរយៈអ្នកនាំពាក្យទីបញ្ជាការកណ្តាល ខាតាម អាល់ អាន់ប៊ីយ៉ា (Khatam al-Anbiya) លោក អេប្រាហ៊ីម ហ្សុលហ្វាការី (Ebrahim Zolfaghari) បានចេញសេចក្តីថ្លែងការណ៍ព្រមានធ្ងន់ៗទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ជុំវិញការបន្តបើកការវាយប្រហារយ៉ាងឃោរឃៅទៅលើប្រទេសលីបង់ ។
 
អ៊ីរ៉ង់ ប្រកាសថា ខ្លួនបានដាក់ការព្រមានរួចជាស្រេចទៅហើយថា បើសិនសកម្មភាពបង្ហូរឈាម និងបទឧក្រិដ្ឋសង្រ្គាមនៅក្នុងតំបន់ ដាហ៊ីយ៉េ (Dahiyeh) នៃរដ្ឋធានីបេរូត នៅតែបន្តរីករាលដាល នោះកងទ័ពអ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកលើគោលដៅយុទ្ធសាស្ត្រនានានៅក្នុងដែនដីរបស់អ៊ីស្រាអ៊ែលភ្លាមៗតែម្ដង ។
 
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ អ៊ីរ៉ង់បានចោទប្រកាន់កងទ័ពអ៊ីស្រាអ៊ែលថា ជា «របបដែលបានផ្ដាច់ជីវិតកុមារស្លូតត្រង់» ដោយរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្តបន្ទាប់ និងបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាមយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងពលរដ្ឋលីបង់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺសកម្មភាពវាយប្រហារទាំងនេះ បានធ្វើឡើងតាមរយៈការប្រើប្រាស់អាវុធហាមឃាត់ជាអន្តរជាតិ ដូចជាគ្រាប់បែកផូស្វ័រជាដើម ដែលធ្វើឱ្យស្ថានភាពមនុស្សធម៌នៅក្នុងតំបន់កាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ ។
 
រដ្ឋធានីតេហេរ៉ង់ ក៏បានឆ្លៀតឱកាសនេះ រិះគន់យ៉ាងខ្លាំងក្លាទៅលើសហរដ្ឋអាម៉េរិក និងសហគមន៍អន្តរជាតិផងដែរ ដោយលើកឡើងថា អ៊ីស្រាអ៊ែលអាចបង្កើនសកម្មភាពយោធាដាច់ដោយឡែករបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ គឺដោយសារតែមានការបើកភ្លើងខៀវ និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាម៉េរិក គួបផ្សំនឹងភាពស្ងៀមស្ងាត់មិនអើពើពីសំណាក់ស្ថាប័នអន្តរជាតិធំៗ ដែលមិនបានចាត់វិធានការណាមួយដើម្បីទប់ស្កាត់ការរំលោភបំពានខ្សែបន្ទាត់ក្រហមទាំងអស់នេះ ។
 
កងទ័ពអ៊ីរ៉ង់ បានដាក់កំហិតដាច់ខាត ឱ្យកងទ័ពអ៊ីស្រាអ៊ែលត្រូវតែបញ្ឈប់ការវាយប្រហារលើភាគខាងត្បូងលីបង់ និងតំបន់ ដាហ៊ីយ៉េ ជាបន្ទាន់ បើមិនចង់ជួបគ្រោះមហន្តរាយ។ អ៊ីរ៉ង់សង្កត់ធ្ងន់ថា បើអ៊ីស្រាអ៊ែលនៅតែរឹងរូស នោះអ៊ីស្រាអ៊ែល រួមទាំងក្រុមប្រទេសអ្នកគាំទ្រទាំងអស់ នឹងត្រូវប្រឈមមុខនឹងការវាយបកទៅវិញយ៉ាងចាស់ដៃ ដែលនឹងធ្វើឱ្យពួកគេត្រូវជួបការសោកស្តាយជាប្រវត្តិសាស្ត្រជាមិនខាន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (picture alliance via Anadolu).