ព័ត៌មានអន្តរជាតិ

ការជាប់គាំនៃវិស័យបច្ចេកវិទ្យា កំពុងរុញច្រានទីផ្សារហិរញ្ញវត្ថុទូទាំងអាស៊ីឱ្យដាំក្បាលចុះ

image


កូរ៉េខាងត្បូង៖ ទីផ្សារហិរញ្ញវត្ថុ និងភាគហ៊ុននៅទូទាំងតំបន់អាស៊ី រងនូវការស្រុតចុះយ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ ខណៈក្រុមវិនិយោគិនបានសម្រុកលក់ភាគហ៊ុនចេញយ៉ាងគំហុក ក្រោយពេលនិន្នាការកើនឡើងនៃវិស័យបច្ចេកវិទ្យាធំៗបានឈានដល់ការជាប់គាំង។ នៅក្នុងនោះ សន្ទស្សន៍ ខូស្ព៊ី (Kospi) របស់កូរ៉េខាងត្បូង ត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយធ្លាក់ចុះរហូតដល់ទៅជាង ៨ ភាគរយ។

មូលហេតុចម្បងមួយដែលជំរុញឱ្យមានភាពជ្រួលច្របល់ក្នុងទីផ្សារភាគហ៊ុននេះ គឺការចេញផ្សាយទិន្នន័យទីផ្សារការងារដ៏តឹងរ៉ឹងខុសពីការរំពឹងទុករបស់សហរដ្ឋអាម៉េរិកកាលពីខែឧសភា ដែលត្រូវគេរាយការណ៍ថាមានចំនួនច្រើនជាងការព្យាករណ៍ដល់ទៅជាងពីរដង។ ស្ថានភាពនេះ បង្ហាញថា សេដ្ឋកិច្ចអាម៉េរិកនៅតែមានភាពធន់ខ្ពស់ ប្រឈមមុខនឹងបញ្ហាអតិផរណា ប៉ុន្តែវាក៏បានបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងក្នុងចំណោមវិនិយោគិនថា ធនាគារកណ្តាលអាម៉េរិក (Fed) នឹងចាត់វិធានការរឹតបន្តឹងសាច់ប្រាក់ និងដំឡើងអត្រាការប្រាក់បន្ថែមទៀត ដែលធ្វើឱ្យអត្រាផលចំណេញនៃសញ្ញាបណ្ណអាម៉េរិក និងតម្លៃប្រាក់ដុល្លារហក់ឡើងខ្ពស់ភ្លាមៗ។

ឥទ្ធិពលអវិជ្ជមាននៃការធ្លាក់ចុះនៅលើទីផ្សារ វ៉លស្ទ្រ៊ីត (Wall Street) កាលពីថ្ងៃសុក្រ ដែលសន្ទស្សន៍ណាសដាក់ (Nasdaq) ដែលបានដាំក្បាលចុះ ៤ភាគរយនោះ បានរីករាលដាលមកដល់តំបន់អាស៊ី ព្រោះតែទីផ្សារភាគហ៊ុននៅក្នុងតំបន់នេះភាគច្រើន ពឹងផ្អែកខ្លាំងលើវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិក។ ជាក់ស្តែង ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Samsung របស់កូរ៉េខាងត្បូង បានបាត់បង់តម្លៃភាគហ៊ុនរហូតដល់ ៩ភាគរយ ខណៈក្រុមហ៊ុនគូប្រជែង អេសខេ ហាយនិក (SK hynix) ធ្លាក់ចុះ ៦ភាគរយ ស្របពេលដែលផ្សារភាគហ៊ុននៅតៃវ៉ាន់ តូក្យូ ហុងកុង ស៊ាងហៃ និងសិង្ហបុរី សុទ្ធតែបានធ្លាក់ចុះជាបន្តបន្ទាប់គ្នា ។

បន្ថែមលើក្ដីព្រួយបារម្ភផ្នែកសេដ្ឋកិច្ច បរិយាកាសនៅក្នុងទីផ្សារកាន់តែមានភាពស្រពិចស្រពិល និងភ័យខ្លាចខ្លាំងឡើង បន្ទាប់ពីមានការផ្ទុះឡើងជាថ្មីនៃភាពតានតឹងផ្នែកយោធារវាងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល។ ព័ត៌មានស្តីពីការដែលភាគីទាំងពីរ បានបើកការវាយប្រហារឆ្លើយតបគ្នាទៅវិញទៅមកនេះ បានធ្វើឱ្យក្តីសង្ឃឹមក្នុងការចរចារកសន្តិភាពនៅមជ្ឈិមបូព៌ត្រូវរលាយបាត់បង់ និងបានជរុញឱ្យតម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកហក់ឡើងថ្លៃជាង ៣ ភាគរយភ្លាមៗ ដែលបង្កជាក្តីបារម្ភពីវិបត្តិថាមពលសកលបន្ថែមទៀត។

យោងតាមរបាយការណ៍យោធា ភាពតានតឹងបានឈានដល់កម្រិតកំពូល បន្ទាប់ពីអ៊ីស្រាអ៊ែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារលើគោលដៅយុទ្ធសាស្ត្រជាច្រើននៅប៉ែកខាងលិច និងភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់ ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក៏បានបញ្ជាក់ពីការឮសំឡេងផ្ទុះនៅក្នុងទីក្រុងធំៗដូចជា តេហ៍រ៉ង់ (Tehran) តាប្រ៊ីហ្ស (Tabriz) និងអ៊ីសហ្វាហាន (Isfahan)។ ការវាយប្រហារសងសឹកនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអ៊ែលបានស្ទាក់ចាប់គ្រាប់មីស៊ីលជាច្រើនគ្រាប់របស់អ៊ីរ៉ង់ ដែលទីក្រុងតេហ៍រ៉ង់អះអាងថាជា «ការព្រមាន» ចំពោះការដែលអ៊ីស្រាអ៊ែលទម្លាក់គ្រាប់បែកលើតំបន់ជាយក្រុងបេរូត នៃប្រទេសលីបង់។

លោក ស្ទីហ្វិន អ៊ិនណេស (Stephen Innes) អ្នកវិភាគមកពីក្រុមហ៊ុន អេសភីអាយ អាសេត ម៉ានិជ៍មិម (SPI Asset Management) បានពន្យល់ថា ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននេះ ក៏បណ្តាលមកពីការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលគួរឱ្យខកចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប ប្រោដខម (Broadcom) របស់អាម៉េរិក ដែលបានព្យាករណ៍ពីប្រាក់ចំណូលទាបជាងការរំពឹងទុកសម្រាប់ត្រីមាសទីបី។ កត្តានេះបានបង្កជាមន្ទិលសង្ស័យ និងក្តីបារម្ភក្នុងចំណោមវិនិយោគិន ជុំវិញការវាយតម្លៃតម្លៃភាគហ៊ុនខ្ពស់ហួសហេតុក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលធ្លាប់តែជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ក្រៅពីទីផ្សារភាគហ៊ុន និងទីផ្សារប្រេង ទីផ្សារលុយគ្រីបតូ (Cryptocurrency) ក៏មិនអាចគេចផុតពីឥទ្ធិពលអវិជ្ជមាននេះដែរ ដោយតម្លៃប៊ីតឃ័ញ (Bitcoin) បានធ្លាក់ចុះមកនៅរង្វង់ ៦ម៉ឺន ៣០០០ដុល្លារអាម៉េរិក។ នេះជាចំណុចទាបបំផុតនៃតម្លៃ Bitcoin គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ពោលគឺមុនពេលដែលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានរុញច្រានរូបិយប័ណ្ណឌីជីថលនេះឱ្យហក់ឡើងថ្លៃដល់កម្រិតកំណត់ត្រាប្រវត្តិសាស្ត្រ។ ការធ្លាក់ចុះនេះ បានស្តែងឱ្យឃើញពីការស្រុតចុះនៃទំនុកចិត្តរបស់វិនិយោគិននៅលើឆាកអន្តរជាតិ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP | រូបភាព៖ Jung Yeon-je/AFP/AFP.