ស្ថានទូតកម្ពុជា ប្រចាំហ្វីលីពីន ប្រាប់ពលរដ្ឋខ្មែរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយមានគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិកទ័រ និងការព្រមានពីការកើតមានរលកយក្សស៊ូណាមិ
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់។
ការណែនាំនេះ ធ្វើឡើង បន្ទាប់ពីនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ មានគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
ទន្ទឹមនេះ អាជ្ញាធរហ្វីលីពីន ក៏បានព្រមានពីការកើតមានរលកយក្សស៊ូណាមិផងដែរ នៅខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan, Zamboanga Del Sur, Zamboanga Sibugay, Sultan Kudarat និង South Cotabato។
ពលរដ្ឋកម្ពុជា អាចទាក់ទងស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនងមកលោកស្រី ហេង ពិសី លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន តាមទូរស័ព្ទលេខ +63 956 914 8190៕