គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សាដោយចាត់ទុកជាករណីបន្ទាន់
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទទួលយកសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើសុំឱ្យរដ្ឋសភាពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីយកមកពិនិត្យសិក្សាបន្ត។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានប្រគល់សេចក្តីព្រាងច្បាប់ខាងលើជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យសិក្សា និងរៀបចំរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា ដោយចាត់ទុកជាករណីបន្ទាន់៕
អត្ថបទ៖ វង សុភ័ក្ត្រ