ព័ត៌មានអន្តរជាតិ

មនុស្ស៨នាក់ស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដី ៧.៨រុិចទ័រនៅហ្វីលីពីន ខណៈមានការព្រមានពីរលកយក្សស៊ូណាមិនៅហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងជប៉ុន

image

ហ្វីលីពីន៖ គ្រោះរញ្ជួយដីនៅក្រោមបាតសមុទ្រកម្រិតធ្ងន់ ៧.៨ រុចទ័រ បានវាយប្រហារយ៉ាងខ្លាំងក្លានៅប៉ែកខាងត្បូងនៃទីក្រុង ជេនេរ៉ល សាន់តូស (General Santos) ប្រទេសហ្វីលីពីន នាំឱ្យមានរបាយការណ៍បឋមថា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៨ នាក់។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) បានបញ្ជាក់ថា ក្រោយការរញ្ជួយដីលើកដំបូង តំបន់នោះបានបន្តរងនូវការរំញ័រជាបន្តបន្ទាប់អស់រយៈពេលជាង ២ ម៉ោង ដោយក្នុងនោះកម្រិតវាយប្រហារខ្លាំងបំផុតឡើងដល់ ៦.៥ រុចទ័រ ដែលបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងតំបន់។ 

គ្រោះរញ្ជួយដីដ៏មានឥទ្ធិពលមួយនេះ បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានវីដេអូបង្ហោះលើបណ្តាញសង្គមស្តែងឱ្យឃើញពីការបាក់រលំខ្ទេចខ្ទីនៃផ្សារទំនើបមួយកន្លែង និងអគារសាលារៀនក្នុងតំបន់ ។

ភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូញៀ (Ferdinand Marcos Jr.) បានប្រកាសផ្អាកថ្នាក់រៀននៅទូទាំងតំបន់រងគ្រោះនៃកោះមីនដាណាវ និងបានដាក់បញ្ជាដាច់ខាតឱ្យប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ ជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ដើម្បីការពារអាយុជីវិត។ មជ្ឈមណ្ឌលព្រមានអំពីរលកស៊ូណាមិប៉ាស៊ីហ្វិក ក៏បានចេញសេចក្តីប្រកាសអាសន្នពីលទ្ធភាពនៃការកើតមានរលកស៊ូណាមិនៅតាមឆ្នេរសមុទ្រហ្វីលីពីន រួមទាំងប្រទេសជិតខាងដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងជប៉ុន ដែលធ្វើឱ្យប្រជាជនប្រហែល ៥០,០០០ នាក់នៅក្នុងក្រុងឆ្នេរ គីអាមបា (Kiamba) បានសម្រុកជម្លៀសខ្លួនទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ CNA | រូបភាព៖ Reuters/ CNA/ (Map Creator/ Open Streetmap via CNA).