ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព ដើម្បីប្រែក្លាយខេត្តកំពង់ធំ ជាមូលដ្ឋានផលិតកម្ម និងវិនិយោគ

image

កំពង់ធំ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» នៅខេត្តកំពង់ធំ។


ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់សហគ្រិនខ្មែរ រដ្ឋបាលខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានរួមគ្នារៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពអាជីវករ ពាណិជ្ជករ កសិករ ជាពិសេសសហគ្រិនវ័យក្មេង និងម្ចាស់ធុរកិច្ចថ្មីៗនៅខេត្តកំពង់ធំ ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង អាចបង្កើតផលិតផលថ្មី បង្កើនតម្លៃបន្ថែម និងពង្រីកអាជីវកម្មបានប្រកបដោយចីរភាព។
លោកបានបញ្ជាក់ថា កម្មវិធីនេះស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានបំណងប្រែក្លាយខេត្តកំពង់ធំឱ្យក្លាយជាមូលដ្ឋានផលិតកម្ម វិនិយោគ និងទេសចរណ៍ដ៏មានសក្តានុពល អាចបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។


លោក វង្សី វិស្សុត ក៏បានលើកឡើងថា ទោះបីខេត្តកំពង់ធំមានសក្តានុពលធំធេងទាំងផ្នែកដីធ្លី និងធនធានមនុស្សក៏ដោយ ប៉ុន្តែកម្រិតអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមិនទាន់ឆ្លើយតបទៅនឹងសក្តានុពលដែលមាននៅឡើយ។ ចំណូលប្រជាជនម្នាក់ៗ និងចំនួនសហគ្រាសពាណិជ្ជកម្មនៅមានកម្រិតទាប បើធៀបនឹងខេត្តមួយចំនួនផ្សេងទៀត ខណៈអត្រាភាពក្រីក្រនៅមានកម្រិតខ្ពស់។


លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់សហគ្រិនភាព គឺជាយន្តការសំខាន់ក្នុងការបង្កើនការវិនិយោគ ការផលិត ការបង្កើតតម្លៃបន្ថែម និងការចែកចាយផ្លែផ្កានៃកំណើនសេដ្ឋកិច្ចទៅកាន់ប្រជាពលរដ្ឋ។ ដូច្នេះ រាជរដ្ឋាភិបាលចាត់ទុកសហគ្រិនជាកម្លាំងចលករសំខាន់ ឬជា «មេទ័ពសេដ្ឋកិច្ច» ដែលត្រូវទទួលបានការគាំទ្រ និងការលើកទឹកចិត្តបន្ថែម។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា សហគ្រិនភាពមិនត្រឹមតែពឹងផ្អែកលើទេពកោសល្យពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែត្រូវការបរិយាកាសអំណោយផលពីសង្គម សេដ្ឋកិច្ច ការអប់រំ ហិរញ្ញវត្ថុ និងគោលនយោបាយរដ្ឋផងដែរ។ ក្នុងន័យនេះ វិស័យសាធារណៈត្រូវដើរតួនាទីជាអ្នកតម្រង់ទិស និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យវិស័យឯកជនអាចរីកចម្រើនបានកាន់តែខ្លាំង។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការរៀបចំ និងធ្វើបច្ចុប្បន្នភាពក្របខណ្ឌបណ្តុះបណ្តាលសហគ្រិនឱ្យស្របទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក បច្ចេកវិទ្យា និងបរិបទភូមិសាស្ត្រនយោបាយ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។


លោកក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឱ្យមានក្តីស្រមៃធំ ហើយចាប់ផ្តើមពីកិច្ចការតូចៗ ដោយមិនត្រូវចាត់ទុកភាពក្រីក្រជាឧបសគ្គនោះទេ ប៉ុន្តែត្រូវយកវាជាកម្លាំងជំរុញឱ្យខិតខំប្រឹងប្រែងក្លាយជាមនុស្សខ្លាំង និងជោគជ័យនាពេលអនាគត។
លោកបានបង្ហាញជំនឿថា សិស្ស-និស្សិត និងយុវជនដែលចូលរួមក្នុងកម្មវិធីនេះ មួយចំនួននឹងអាចក្លាយជាសហគ្រិនខ្មែរឆ្នើម និងជាកម្លាំងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលខាងមុខ។
ក្នុងឱកាសនោះផងដែរ លោក វង្សី វិស្សុត បានប្រគល់ម៉ាស៊ីនបូមទឹកចំនួន ៣០គ្រឿង ម៉ាក Honda ដែលឧបត្ថម្ភដោយក្រុមហ៊ុន NCX តាមរយៈលោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ជូនដល់សមាគមកសិករចំនួន ៣ នៅខេត្តកំពង់ធំ ដើម្បីគាំទ្រដល់ការបង្កើនផលិតភាព និងការអភិវឌ្ឍវិស័យកសិកម្មក្នុងមូលដ្ឋាន៕